លោកុប្បត្តិ 36:1-43

លោកុប្បត្តិ 36:1-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ (គឺ​អេដុម)។ លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី និង​នាង​បាសម៉ាត ជា​កូនស្រី​របស់​អ៊ីស‌ម៉ា‌អែល គឺ​ប្អូន​ស្រី​របស់​នេបា‌យ៉ូ​ត។ នាង​អ័ដា​បង្កើត​អេលី‌ផាស​ឲ្យ​លោក​អេសាវ នាង​បាសម៉ាត​បង្កើត​រេហួល នាង​អ័ហូលី‌បាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។ បន្ទាប់​មក លោក​អេសាវ​នាំ​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​នៅ​ផ្ទះ​ទាំង​អស់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​រក​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​លោក​យ៉ាកុប​ជា​ប្អូន ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។ ដូច្នេះ លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​សៀរ (អេសាវ គឺ​អេដុម)។ នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ ជា​បុព្វ‌បុរស​របស់​ពួក​សាសន៍​អេដុម នៅ​ស្រុក​ភ្នំ​សៀរ។ នេះ​ជា​ឈ្មោះ​កូន​ចៅ​របស់​លោក​អេសាវ គឺ​អេលី‌ផាស ជា​កូន​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ និង​រេហួល ជា​កូន​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។ កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។ (នាង​ធីម‌ណា ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស កូន​លោក​អេសាវ នាង​បង្កើត​អាម៉ា‌ឡេក​ឲ្យ​អេលី‌ផាស) អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ។ នេះ​ជា​កូន​ចៅ​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។ នេះ​ជា​កូន​ចៅ​របស់​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ដែល​ជា​កូន​ស្រី​របស់​អ័ណា ហើយ​ជា​ចៅ​របស់​ស៊ីបៀន។ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​លោក​អេសាវ។ នេះ​ជា​ពូជ​អំបូរ របស់​កូន​ចៅលោក​អេសាវ។ កូន​ចៅ​របស់​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូរ កេណាស កូរេ កាថាម និង​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​កូន​ចៅ​របស់​នាង​អ័ដា។ នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​រេហួល កូន​លោក​អេសាវ គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។ នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​នាង​អ័ហូ‌លីបាម៉ា ប្រពន្ធ​លោក​អេសាវ គឺ​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ហើយ​ជា​កូន​ស្រី​របស់​លោក​អ័ណា។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ (គឺ​អេដុម) ហើយ​ទាំង​នេះ​ជា​ពូជ​អំបូរ​របស់​គេ។ នេះ​ជា​កូន​ចៅ​របស់​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​របស់​សៀរ នៅ​ក្នុង​ស្រុក​អេដុម។ កូន​ចៅរបស់​ឡូថាន គឺ​ហូរី ហេម៉ាន និង​ប្អូន​ស្រី​របស់​ឡូថាន គឺ​ធីម‌ណា។ នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាណា‌ហាត់ អេបាល សេផូរ និង​អូណាម។ នេះ​ជា​កូន​ចៅ​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ណា។ អ័ណា​នេះ​ហើយ​ដែល​រក​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក។ នេះ​ជា​កូន​ចៅ​របស់​អ័ណា គឺ​ឌីសុន និង​នាង​អ័ហូលី‌បាម៉ា ជា​កូន​ស្រី​អ័ណា។ នេះ​ជា​កូន​ចៅ​របស់​ឌីសុន គឺ​ហែម​ដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។ នេះ​ជា​កូន​ចៅ​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន។ នេះ​ជា​កូន​របស់​ចៅ​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន។ នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ តាម​ពូជ​អំបូរ​របស់​គេ។ នេះ​ជា​ពួក​ស្តេច​ដែល​សោយ‌រាជ្យ​នៅ​ស្រុក​អេដុម ក្នុង​គ្រា​មិន​ទាន់​មាន​ស្តេច​ណា​សោយ​រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ គឺព្រះ​បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដុម ហើយ​ទី​ក្រុង​របស់​ស្ដេច គឺ​ឌីន‌ហា‌បា។ ព្រះ​បាទ​បេឡា​សុគត​ទៅ រួច​ព្រះ​បាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេរ៉ាស ពីក្រុង​បុសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ​បាទ​យ៉ូបាប់​សុគត​ទៅ រួច​ព្រះ​បាទ​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ​បាទ​ហ៊ូសាម​សុគត​ទៅ រួច​ព្រះ​បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ ដែល​បាន​វាយ​ពួក​ម៉ាឌាន​នៅ​ស្រុក​ម៉ូអាប់ បាន​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ទី​ក្រុង​របស់​ស្ដេច គឺ​អាវីត។ ព្រះ​បាទ​ហាដាឌ​សុគត​ទៅ រួច​ព្រះ​បាទ​សាំឡា​ពី​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ​បាទ​សាំឡា​សុគត​ទៅ រួច​ព្រះ​បាទ​សូល​ពី​ក្រុង​រេហូ‌បូត ដែល​នៅ​ជាប់នឹង​ទន្លេអ៊ើប្រាត បានឡើងគ្រង​រាជ្យ​ជំនួស។ ព្រះ​បាទ​សូល​សុគត​ទៅ រួច​ព្រះ​បាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ បាន​ឡើង​គ្រង​‌រាជ្យ​ជំនួស។ ព្រះ​បាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ​សុគត​ទៅ រួចព្រះ​បាទ​ហាដារ បាន​ឡើង​គ្រង​‌រាជ្យ​ជំនួស។ ទី​ក្រុង​របស់​ស្ដេច គឺ​ប៉ាវ ហើយ​ភរិយា​របស់​ស្ដេច​មាន​នាម​ថា មហេថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាតរ៉េឌ និង​ជា​ចៅ​របស់​លោក​មេសា‌ហាប់។ នេះ​ជា​ឈ្មោះ​នៃ​ពូជ​អំបូរ​ដែល​កើត​ពី​លោក​អេសាវ​មក តាម​អំបូរ តាម​ស្រុក តាម​ឈ្មោះ​របស់​គេ គឺ​ធីម‌ណា អាលវ៉ា យេថេត អ័ហូ‌លី‌បាម៉ា អេឡា ពីណូន កេណាស ថេម៉ាន មីបសា ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​នៃ​សាសន៍​អេដុម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ (គឺ​លោក​អេសាវ​នេះ​ហើយ​ជា​បុព្វ‌បុរស​នៃ​ពួក​សាសន៍​អេដុម)។

លោកុប្បត្តិ 36:1-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។ លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត នាង​អហូលី‌បាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន‌ជាតិ​ហេវី និង​នាង​បាស‌ម៉ាត ជា​កូន​របស់​លោក​អ៊ីស្មា‌អែល គឺ​ប្អូន​ស្រី​របស់​លោក​ណេបា‌យ៉ុត។ នាង​អដា​បង្កើត​បាន​អេលី‌ផាស​ជូន​លោក​អេសាវ នាង​បាស‌ម៉ាត​បង្កើត​រេហួល ហើយ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។ លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បម្រើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធ‌ភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។ លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។ នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ អេលី‌ផាស​ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល​ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។ កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។ អេលី‌ផាស​ជា​កូន​របស់​លោក​អេសាវ មាន​ប្រពន្ធ​ចុង​ឈ្មោះ នាង​ធីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។ កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ រីឯ​មេ‌កន្ទ្រាញ​របស់​កូន​ចៅ​លោក​អេសាវ​មាន​រាយ​នាម​ដូច​ត​ទៅ​នេះ: មេ‌កន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស លោក​កូរេ លោក​កាថាម លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​អដា។ រីឯ​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេហួល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។ មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេ‌កន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។ រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន‌ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា ឌីសុន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​ជន‌ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។ កូន​ចៅ​របស់​ឡូថាន មាន ហូរី និង​ហេ‌ម៉ាម។ ប្អូន​ស្រី​របស់​ឡូថាន ឈ្មោះ​នាង​ធីមណា។ រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​ត​ទៅ: អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។ រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។ កូន​ចៅ​របស់​លោក​អណា​មាន ឌីសុន និង​នាង​អហូលី‌បាម៉ា។ កូន​ចៅ​របស់​ឌីសុន​មាន​ឈ្មោះ​ដូច​ត​ទៅ: ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។ កូន​ចៅ​របស់​អេ‌ស៊ើរ​មាន​ឈ្មោះ​ដូច​ត​ទៅ: ប៊ីល‌ហាន សាវ៉ាន និង​យ៉ា‌កាន។ កូន​ចៅ​របស់​ឌីសាន​មាន អ៊ូស និង​អរ៉ាន។ រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូថាន លោក​សូបាល លោក​ស៊ីបៀន លោក​អណា លោក​ឌីសុន លោក​អេ‌ស៊ើរ និង​លោក​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី នៅ​ស្រុក​សៀរ។ មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បា ក្នុង​ស្រុក​អេដុម។ លុះ​ព្រះ‌បាទ​បេឡា​បាន​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ‌បាទ​យ៉ូបាប​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស ព្រះ‌បាទ​ហ៊ូសាំ​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ មក​ពី​ក្រុង​អាវីត បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​ហាដាឌ​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ‌បាទ​សូល​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។ រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេសាវ​មាន​ឈ្មោះ​តាម​អំបូរ និង​តាម​ទឹក​ដី​ដូច​ត​ទៅ: លោក​ធីមណា លោក​អាល‌វ៉ា លោក​យេថេត លោក​អហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​ហើយ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំ‌នៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ លោក​អេសាវ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម។

លោកុប្បត្តិ 36:1-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​បញ្ជី​ដំណ​វង្ស​ពី​អេសាវ គឺ​ជា​អេដំម អេសាវ​គាត់​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​អ័ដា ជា​កូន​អេឡូន សាសន៍​ហេត ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​សាសន៍​ហេវី នឹង​បាសម៉ាត​ជា​កូន​អ៊ីស‌ម៉ាអែល ហើយ​ជា​ប្អូន​នេបា‌យ៉ូត ឯ​អ័ដា នាង​បង្កើត​អេលី‌ផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​នាង​បង្កើត​រេហួល នាង​អ័ហូ‌លី‌បាម៉ា​ក៏​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ នោះ​ជា​កូន​របស់​អេសាវ​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ស្រុក​កាណាន រួច​អេសាវ​គាត់​នាំ​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​នៅ​ផ្ទះ​គាត់​ទាំង​អស់ នឹង​ហ្វូង​សត្វ ហើយ​នឹង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​យ៉ាកុប​ជា​ប្អូន ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក នឹង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ ដូច្នេះ អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ នោះ​គឺ​ជា​អេដំម។ នេះ​ជា​ដំណ​វង្ស ត​ពី​អេសាវ​ជា​ឰយុកោ​ពួក​សាសន៍​អេដំម នៅ​ក្នុង​ស្រុក​ភ្នំ​សៀរ នេះ​ជា​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អេសាវ គឺ​អេលី‌ផាស​ជា​កូន​អ័ដា​ប្រពន្ធ​អេសាវ នឹង​រេហួល​ជា​កូន​បាសម៉ាត​ប្រពន្ធ​អេសាវ ហើយ​កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម នឹង​កេណាស ឯ​ធីមណា​ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស​កូន​អេសាវ នាង​បង្កើត​អាម៉ា‌លេក​ឲ្យ​អេលី‌ផាស នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​ទាំង​អស់ ហើយ​នេះ​ជា​កូន​ចៅ​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា នឹង​មីសសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ប្រពន្ធ​អេសាវ​ដែរ ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ​ឲ្យ​អេសាវ។ នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អេសាវ​ទាំង​ប៉ុន្មាន គឺ​ក្នុង​កូន​ចៅ​អេលី‌ផាស​ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន​១ អូម៉ារ​១ សេផូរ​១ កេណាស​១ កូរេ​១ កាថាម​១ នឹង​អាម៉ា‌លេក​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដំម សុទ្ធ​តែ​កូន​ចៅ​របស់​អ័ដា​ទាំង​អស់។ នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​រេហួល កូន​អេសាវ គឺ​ណាហាត់​១ សេរ៉ាស​១ សាំម៉ា​១ ហើយ​នឹង​មីសសា​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដំម សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​ទាំង​អស់។ នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​នឹង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​អេសាវ ហើយ​ជា​មេ​គេ​ទាំង​អស់ ឯ​អេសាវ គឺ​ជា​អេដំម។ ឯ​កូន​ចៅ​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសុន អេស៊ើរ នឹង​ឌីសាន នោះ​ជា​ពួក​មេ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​សៀរ​នៅ​ក្នុង​ស្រុក​អេដំម​ទាំង​អស់ កូន​ចៅ​ឡូថាន គឺ​ហូរី ហេម៉ាន ហើយ​ប្អូន​ស្រី​ឡូថាន គឺ​ធីមណា នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ ហើយ​អូណាម នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន នេះ​ជា​កូន​ចៅ​អ័ន៉ា នឹង​ឌីសុន នឹង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា នេះ​ជា​កូន​ចៅ​ឌីសុន គឺ​ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន នឹង​កេរ៉ាន នេះ​ជា​កូន​ចៅ​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន នឹង​យ៉ាកាន នេះ​ជា​កូន​ចៅ​ឌីសាន គឺ​អ៊ូស នឹង​អ័រ៉ាន នេះ​ជា​ពួក​មេ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន​១ សូបាល​១ ស៊ីបៀន​១ អ័ន៉ា​១ ឌីសសុន​១ អេស៊ើរ​១ ហើយ​ឌីសាន​១ នោះ​សុទ្ធ​តែ​ជា​មេ ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ​តាម​មេ​គេ​ទាំង​ប៉ុន្មាន។ នេះ​ជា​ពួក​ស្តេច​ដែល​សោយ‌រាជ្យ​នៅ​ស្រុក​អេដំម ក្នុង​គ្រា​មុន​ដែល​មាន​ស្តេច​ណា​មួយ​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ឡើយ គឺ​បេឡា​ជា​កូន​បេអ៊រ បាន​សោយ‌រាជ្យ​នៅ​ស្រុក​អេដំម ហើយ​ទី​ក្រុង​របស់​ទ្រង់ គឺ​ឌីន‌ហាបា បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់​ជា​កូន​សេរ៉ាស​ពី​បុសរ៉ា បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់​ជា​កូន​បេដាឌ់ ដែល​បាន​វាយ​ពួក​ម៉ាឌាន នៅ​វាល​ស្រុក​ម៉ូអាប់​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់​ឡើង ហើយ​ទី​ក្រុង​ទ្រង់ គឺ​អាវីត ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា​ពី​ម៉ាស‌រេកា​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ សាំឡា​ក៏​សុគត​ទៅ រួច​សូល​ពី​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ សូល​ក៏​សុគត​ទៅ រួច​បាល-ហាណាន់​ជា​កូន​អ័កបោរ បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ បាល-ហាណាន់​ជា​កូន​អ័កបោរ​ក៏​សុគត​ទៅ រួច​ហាដារ​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​ទ្រង់​ហៅ​ថា ប៉ាវ ហើយ​ភរិយា​ទ្រង់​នាម​ជា​មហេថា‌បែល ជា​កូន​ម៉ាត‌រ៉េឌ ដែល​ជា​កូន​មេសា‌ហាប់។ នេះ​ជា​ឈ្មោះ​នៃ ពួក​មេ​ដែល​កើត​ពី​អេសាវ​មក​តាម​គ្រួ តាម​ស្រុក តាម​ឈ្មោះ​គេ គឺ​ធីមណា​១ អាលវ៉ា​១ យេថេត​១ អ័ហូ‌លី‌បាម៉ា​១ អេឡា​១ ពីណូន​១ កេណាស​១ ថេម៉ាន​១ មីបសា​១ ម៉ាក‌ឌាល​១ នឹង​អ៊ីរ៉ាម​១ នោះ​ជា​ពួក​មេ​របស់​សាសន៍​អេដំម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​គេ គឺ​អេសាវ​នេះ​ជា​ឰយុកោ​នៃ​ពួក​សាសន៍​អេដំម។