លោកុប្បត្តិ 32:23-32
លោកុប្បត្តិ 32:23-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកនាំអ្នកទាំងនោះឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអ្វីៗដែលជារបស់លោកឆ្លងទៅដែរ។ លោកយ៉ាកុបនៅតែម្នាក់ឯង ហើយមានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ កាលបុរសនោះឃើញថា ពុំបានឈ្នះលោកយ៉ាកុបទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់លោកយ៉ាកុបក៏ថ្លស់នៅពេលបោកចំបាប់គ្នានោះ។ បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។ លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។ លោកយ៉ាកុបហៅកន្លែងនោះថា "ព្នីអែល" ដោយពោលថា៖ «ខ្ញុំបានឃើញព្រះនៅប្រទល់មុខ ហើយខ្ញុំនៅតែមានជីវិតរស់»។ កាលលោកឆ្លងព្នីអែលផុតហើយ នោះថ្ងៃបានរះឡើង។ លោកដើរខ្ញើចៗ ព្រោះថ្លោះត្រគាក។ ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក រហូតដល់សព្វថ្ងៃ ព្រោះព្រះបានវាយត្រង់សាច់សន្លាក់ត្រគាករបស់លោកយ៉ាកុប។
លោកុប្បត្តិ 32:23-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកឲ្យក្រុមគ្រួសារឆ្លងទឹករួចហើយ លោកក៏ឲ្យគេចម្លងអ្វីៗដែលជារបស់លោកទៅដែរ។ លោកយ៉ាកុបនៅតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ កាលបុរសនោះឃើញថាពុំអាចឈ្នះលោកយ៉ាកុបបាន ក៏វាយលោកចំចង្កេះ។ លោកយ៉ាកុបក៏ថ្លោះចង្កេះ នៅពេលបោកចំបាប់គ្នានោះ។ បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជម្នះ»។ លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។ លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។ ពេលលោកយ៉ាកុបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។ ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ ដ្បិតព្រះជាម្ចាស់បានវាយចំចន្លកចង្កេះរបស់លោកយ៉ាកុប។
លោកុប្បត្តិ 32:23-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់នាំអ្នកទាំងនោះទៅឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអីវ៉ាន់គាត់ឆ្លងទៅដែរ។ ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ កាលអ្នកនោះឃើញថាមិនឈ្នះគាត់ទេ នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណដែលកំពុងតែចំបាប់គ្នានោះ អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។