លោកុប្បត្តិ 3:7-21
លោកុប្បត្តិ 3:7-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។ ពួកគេបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលយាងនៅក្នុងសួនច្បារ នៅពេលថ្ងៃល្ហើយ នោះបុរស និងប្រពន្ធគាត់ ក៏ពួនពីព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅបុរសនោះ ដោយមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គបានប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។ យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។ ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះអ្នកបានស្តាប់តាមពាក្យ ប្រពន្ធរបស់អ្នក ហើយបរិភោគផ្លែឈើ ដែលយើងបានហាមអ្នកថា "មិនត្រូវបរិភោគផ្លែឈើនោះឡើយ" នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក អ្នកនឹងរកស៊ីពីដីដោយនឿយហត់ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។ អ័ដាមបានដាក់ឈ្មោះឲ្យប្រពន្ធគាត់ថា "អេវ៉ា" ព្រោះនាងជាម្តាយនៃជីវិតមនុស្សទាំងអស់។ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។
លោកុប្បត្តិ 3:7-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។ អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដីអស់មួយជីវិត។ យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។ បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។
លោកុប្បត្តិ 3:7-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម នឹងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី អ័ដាមទូលទ្រង់ថា ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ ទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា» ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម នឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។