លោកុប្បត្តិ 3:22-24
លោកុប្បត្តិ 3:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍ មនុស្សបានត្រឡប់ជាម្នាក់ដូចយើងដែរ ទាំងដឹងខុសត្រូវផង ហើយឥឡូវនេះ គេអាចលូកដៃទៅបេះផ្លែពីដើមឈើជីវិតបរិភោគបានទៀតផង ហើយរស់ជារៀងរហូត»។ ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បណ្តេញគេចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកគេចេញមកនោះ។ ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
លោកុប្បត្តិ 3:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាម្នាក់ដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្ដល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។ ព្រះជាអម្ចាស់ក៏បណ្ដេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីទៅភ្ជួររាស់ដីដែលព្រះអង្គបានសូនបង្កើតគេមកនោះ។ ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនហើយ ព្រះអង្គដាក់ចេរូប៊ីន*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើ ដែលផ្ដល់ជីវិតនោះបានឡើយ។
លោកុប្បត្តិ 3:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើលមនុស្សបានត្រឡប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងរាបដរាបទៅ ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្តេញគាត់ពីសួនច្បារអេដែនចេញ ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។