លោកុប្បត្តិ 3:17-24
លោកុប្បត្តិ 3:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះអ្នកបានស្តាប់តាមពាក្យ ប្រពន្ធរបស់អ្នក ហើយបរិភោគផ្លែឈើ ដែលយើងបានហាមអ្នកថា "មិនត្រូវបរិភោគផ្លែឈើនោះឡើយ" នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក អ្នកនឹងរកស៊ីពីដីដោយនឿយហត់ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។ អ័ដាមបានដាក់ឈ្មោះឲ្យប្រពន្ធគាត់ថា "អេវ៉ា" ព្រោះនាងជាម្តាយនៃជីវិតមនុស្សទាំងអស់។ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។ ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍ មនុស្សបានត្រឡប់ជាម្នាក់ដូចយើងដែរ ទាំងដឹងខុសត្រូវផង ហើយឥឡូវនេះ គេអាចលូកដៃទៅបេះផ្លែពីដើមឈើជីវិតបរិភោគបានទៀតផង ហើយរស់ជារៀងរហូត»។ ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បណ្តេញគេចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកគេចេញមកនោះ។ ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
លោកុប្បត្តិ 3:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។ បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាម្នាក់ដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្ដល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។ ព្រះជាអម្ចាស់ក៏បណ្ដេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីទៅភ្ជួររាស់ដីដែលព្រះអង្គបានសូនបង្កើតគេមកនោះ។ ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនហើយ ព្រះអង្គដាក់ចេរូប៊ីន*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើ ដែលផ្ដល់ជីវិតនោះបានឡើយ។
លោកុប្បត្តិ 3:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា» ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម នឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើលមនុស្សបានត្រឡប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងរាបដរាបទៅ ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្តេញគាត់ពីសួនច្បារអេដែនចេញ ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។