លោកុប្បត្តិ 3:14-19
លោកុប្បត្តិ 3:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។ យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។ ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះអ្នកបានស្តាប់តាមពាក្យ ប្រពន្ធរបស់អ្នក ហើយបរិភោគផ្លែឈើ ដែលយើងបានហាមអ្នកថា "មិនត្រូវបរិភោគផ្លែឈើនោះឡើយ" នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក អ្នកនឹងរកស៊ីពីដីដោយនឿយហត់ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
លោកុប្បត្តិ 3:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដីអស់មួយជីវិត។ យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
លោកុប្បត្តិ 3:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ ទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ