លោកុប្បត្តិ 3:10-13
លោកុប្បត្តិ 3:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គបានប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។
លោកុប្បត្តិ 3:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។
លោកុប្បត្តិ 3:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី អ័ដាមទូលទ្រង់ថា ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន