លោកុប្បត្តិ 29:16-35 - Compare All Versions

លោកុប្បត្តិ 29:16-35 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។ នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​ឲ្យ​ក្មួយ ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។ លោក​យ៉ាកុប​នៅ​បម្រើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​ឲ្យ​ក្មួយ​រៀបការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។ លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់‌លៀង។ នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។ លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។ លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។ លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។ លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។ លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។ លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំ‌ពីរ​ឆ្នាំ​ទៀត។ កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។ លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ទត​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។ គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះអង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម្មាន”។ បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។ គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់»។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូដា” បន្ទាប់​មក គាត់​ក៏​លែង​មាន​កូន​ទៀត។

លោកុប្បត្តិ 29:16-35 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​ឡាបាន់​គាត់​មាន​កូន​ស្រី​២ កូន​ច្បង​ឈ្មោះ​លេអា ហើយ​កូន​ពៅ​ឈ្មោះ​រ៉ាជែល នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់ ឯ​យ៉ាកុប​គាត់​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ហើយ​ក៏​និយាយ​ថា ខ្ញុំ​សូម​នៅ​បំរើ​ឪពុក​ធំ​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល​ជា​កូន​ពៅ​របស់​លោក ឡាបាន់​តប​ថា អើ ដែល​អញ​ឲ្យ​វា​ដល់​ឯង នោះ​ល្អ​ជា​ជាង​ឲ្យ​ដល់​គេ ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​អញ​ចុះ យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ជប់‌លៀង​ដល់​គេ ដល់​ពេល​យប់ ឡាបាន់​ប្តូរ​យក​លេអា​ជា​កូន​ច្បង​ទៅ​ឲ្យ​គាត់ នោះ​គាត់​ក៏​ចូល​ទៅ​ឯ​នាង ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ ឡាបាន់​ឆ្លើយ​ថា នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​ឲ្យ​ប្អូន​មុន​បង​ដូច្នោះ​ទេ ចូរ​ឯង​នៅ​គ្រប់​១​អាទិត្យ​នឹង​នាង​នេះ​សិន រួច​សឹម​យើង​ឲ្យ​នាង​នោះ​ទៅ​ឯង​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​ឯង​នឹង​បំរើ​អញ​៧​ឆ្នាំ​ទៀត យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គាត់​នៅ​គ្រប់​១​អាទិត្យ​ជា​មួយ​នឹង​លេអា រួច​ឡាបាន់​ឲ្យ​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ាកុប​ទៀត ហើយ​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ខ្លួន​ទៅ​បំរើ​រ៉ាជែល​ដែរ យ៉ាកុប​ក៏​ចូល​ទៅ​ឯ​រ៉ាជែល ហើយ​ស្រឡាញ់​នាង​ជាង​លេអា រួច​គាត់​នៅ​បំរើ​ឡាបាន់​៧​ឆ្នាំ​ទៀត។ ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា យ៉ាកុប​ស្អប់​លេអា នោះ​ទ្រង់​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន តែ​រ៉ាជែល​នាង​មាន​ពោះ​អារ​វិញ លេអា​ក៏​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា រូបេន ដោយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​នេះ​ហើយ ឥឡូវ​នេះ ប្ដី​អញ​នឹង​ស្រឡាញ់​ដល់​អញ នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឮ​ថា​គាត់​ស្អប់​អញ បាន​ជា​ទ្រង់​ប្រទាន​កូន​នេះ​មក​អញ​ទៀត នាង​ឲ្យ​ឈ្មោះ​ថា ស៊ីម្មាន រួច​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត នោះ​នាង​គិត​ថា ឥឡូវ​ប្ដី​អញ​មុខ​ជា​ចូល​ចិត្ត​នឹង​អញ​ម្តង​ណេះ​ហើយ ដ្បិត​អញ​បាន​បង្កើត​កូន​ប្រុស​៣​ឲ្យ​គាត់ ដូច្នេះ នាង​ក៏​ឲ្យ​ឈ្មោះ​ថា លេវី នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នាង​គិត​ថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ហេតុ​នោះ​បាន​ជា​នាង​ឲ្យ​ឈ្មោះ​ថា យូដា នោះ​នាង​ក៏​ផ្អាក​មាន​កូន​ទៅ។

លោកុប្បត្តិ 29:16-35 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។ នាង​លេអា​មាន​ភ្នែក​ស្រទន់ ហើយ​នាង​រ៉ាជែល​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើកវា​ឲ្យ​ក្មួយ ល្អ​ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ។ ដូច្នេះ ចូរ​នៅ​ជា‌មួយ​នឹង​អ៊ំ​ទៅ!»។ លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។ បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ​មក៍ ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង»។ ដូច្នេះ លោក​ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ចំ​ជប់‌លៀង។ ប៉ុន្ដែ នៅ​ពេល​យប់ លោក​ឡាបាន់​បាន​យក​នាង​លេអា​ទៅ​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។ (លោក​ឡាបាន់​បាន​ឲ្យ​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក ទៅ​បម្រើ​នាង​លេអា)។ លុះ​ព្រឹក​ឡើង ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា លោក​យ៉ាកុប​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្តេច​បាន​ជា​លោក​ឪពុក​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បម្រើ​លោក​ឪពុក​មិន​មែន​ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល​ទេឬ? ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បញ្ឆោត​ខ្ញុំ?» លោក​ឡាបាន់​ឆ្លើយ​ថា៖ «នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​លើក​ប្អូន​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ។ ចូរ​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជាមួយ​នាង​នេះ​សិន រួច​សឹម​យើង​លើក​នាង​មួយ​ទៀត​ឲ្យ​កូន​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​កូន​នឹង​បម្រើ​ពុក​ប្រាំពីរ​ឆ្នាំ​ទៀត»។ លោក​យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជា‌មួយ​នាង​លេអា។ បន្ទាប់​មក លោក​ឡាបាន់​ឲ្យនាង​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប​ទៀត។ (លោក​ឡាបាន់​បាន​ឲ្យនាង​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្លួន ទៅ​បម្រើ​នាង​រ៉ា​ជែល)។ លោក​យ៉ាកុប​ក៏​ចូល​ទៅ​ឯ​នាង​រ៉ាជែល​ដែរ ហើយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជាង​នាង​លេអា រួច​លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។ កាល​ព្រះ‌យេហូវ៉ា​ទត​ឃើញ​ថា លោក​យ៉ាកុប​ស្អប់​នាង​លេអា ព្រះ‌អង្គ​ក៏​ប្រោស​ឲ្យ​ផ្ទៃ​នាង​បង្កើត​កូន​បាន តែ​នាង​រ៉ាជែល​នៅ​ជា​ស្ត្រី​អារ។ នាង​លេអា​ក៏​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "រូបេន" ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​ប្រាកដ​ជា​នឹង​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។ នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឮ ថា​ប្តី​ខ្ញុំ​ស្អប់​ខ្ញុំ ព្រះ‌អង្គក៏​ប្រទាន​កូន​នេះ​មក​ខ្ញុំ​ទៀត»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ស៊ីម្មាន"។ បន្ទាប់​មក នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «លើក​នេះ ប្តី​ខ្ញុំ​នឹង​ជាប់​ចិត្ត​ជា‌មួយ ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឲ្យ​គាត់»។ ដូច្នេះ គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា "លេវី"។ នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "យូដា"។ បន្ទាប់​មក នាង​ក៏​លែង​មាន​កូន​ទៀត។