លោកុប្បត្តិ 29:1-14
លោកុប្បត្តិ 29:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបបានធ្វើដំណើរទៅដល់ទឹកដីស្រុកខាងកើត។ លោកបានឃើញអណ្តូងមួយនៅទីវាល ហើយមានចៀមបីហ្វូងដេកនៅក្បែរនោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ គេប្រមូលហ្វូងចៀមទាំងអស់មកពីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។ លោកយ៉ាកុបសួរគេថា៖ «បងប្អូនអើយ តើអ្នករាល់គ្នាមកពីស្រុកណា?» គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ លោកសួរគេថា៖ «តើអ្នករាល់គ្នាស្គាល់លោកឡាបាន់ កូនរបស់លោកណាឃរឬទេ?» គេឆ្លើយថា៖ «យើងស្គាល់»។ លោកយ៉ាកុបសួរទៀតថា៖ «តើគាត់សុខសប្បាយជាទេ?» គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែនាំចៀមមក»។ លោកយ៉ាកុបពោលថា៖ «ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកជុំគ្នាទេ។ សូមឲ្យទឹកវាផឹក ហើយនាំវាទៅឲ្យស៊ីស្មៅទៀតទៅ»។ ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។ កាលលោកកំពុងនិយាយជាមួយគេនៅឡើយ នាងរ៉ាជែលក៏នាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ពេលលោកយ៉ាកុបក្រឡេកឃើញនាងរ៉ាជែល កូនរបស់លោកឡាបាន់ បងប្រុសរបស់ម្ដាយលោក និងចៀមរបស់ឡាបាន់ បងប្រុសរបស់ម្ដាយលោក លោកក៏ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់លោកឡាបាន់ផឹក។ លោកយ៉ាកុបក៏ថើបនាងរ៉ាជែល ហើយទ្រហោយំ។ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិរបស់ឪពុកនាង គឺជាកូនរបស់លោកស្រីរេបិកា នាងក៏រត់ទៅប្រាប់ឪពុក។ កាលលោកឡាបាន់បានឮដំណឹងអំពីលោកយ៉ាកុប ជាកូនរបស់ប្អូនស្រីគាត់ គាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបក៏រៀបរាប់ដំណើររឿងទាំងនោះប្រាប់លោកឡាបាន់ លោកឡាបាន់ក៏ពោលឡើងថា៖ «ប្រាកដហើយ ក្មួយជាឆ្អឹងរបស់អ៊ំ និងជាសាច់របស់អ៊ំពិតមែន!»។ លោកយ៉ាកុបក៏ស្នាក់នៅជាមួយគាត់រយៈពេលមួយខែ។
លោកុប្បត្តិ 29:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្ដុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។ លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។ លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។ បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។
លោកុប្បត្តិ 29:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុបក៏ដើរដំណើរ ទៅដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត គាត់ក្រឡេកមើលទៅឃើញអណ្តូង១នៅទីវាល ក៏ឃើញមានចៀម៣ហ្វូងដេកនៅត្រង់នោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅទីអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ គេប្រមូលហ្វូងចៀមទាំងអស់មកទីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។ ឯយ៉ាកុបគាត់សួរគេថា បងប្អូនអើយ អ្នករាល់គ្នានៅស្រុកណា គេឆ្លើយថា យើងនៅខារ៉ាន រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ គាត់សួរថា គាត់សុខសប្បាយជាទេឬ គេក៏ឆ្លើយថា ជាទេ នុ៎ះន៏ រ៉ាជែលជាកូនគាត់កំពុងតែនាំចៀមមក យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។ កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល កាលយ៉ាកុបក្រឡេកឃើញរ៉ាជែលជាកូនឡាបាន់ឪពុកធំគាត់ នោះគាត់ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់ឡាបាន់ឪពុកធំផឹក យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់ ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។