លោកុប្បត្តិ 28:1-5
លោកុប្បត្តិ 28:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។ សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។ សូមព្រះអង្គប្រទានពររបស់លោកអ័ប្រាហាំដល់កូន និងពូជពង្សរបស់កូន ដើម្បីឲ្យកូនបានទទួលស្រុកដែលស្នាក់នៅ ទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់លោកអ័ប្រាហាំ!»។ លោកអ៊ីសាកក៏ឲ្យលោកយ៉ាកុបចេញទៅ ហើយគាត់ក៏ធ្វើដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ ជាកូនបេធូអែលសាសន៍អើរ៉ាម បងប្រុសរបស់រេបិកា ដែលជាម្តាយរបស់លោកយ៉ាកុប និងអេសាវ។
លោកុប្បត្តិ 28:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។ ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្ដាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។ បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។
លោកុប្បត្តិ 28:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង នឹងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរ្តិ៍អាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនឹងអេសាវ។