លោកុប្បត្តិ 28:1-22
លោកុប្បត្តិ 28:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។ សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។ សូមព្រះអង្គប្រទានពររបស់លោកអ័ប្រាហាំដល់កូន និងពូជពង្សរបស់កូន ដើម្បីឲ្យកូនបានទទួលស្រុកដែលស្នាក់នៅ ទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់លោកអ័ប្រាហាំ!»។ លោកអ៊ីសាកក៏ឲ្យលោកយ៉ាកុបចេញទៅ ហើយគាត់ក៏ធ្វើដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ ជាកូនបេធូអែលសាសន៍អើរ៉ាម បងប្រុសរបស់រេបិកា ដែលជាម្តាយរបស់លោកយ៉ាកុប និងអេសាវ។ ឥឡូវនេះ អេសាវឃើញថា លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីយកប្រពន្ធពីទីនោះ ហើយថា ពេលដែលឲ្យពរនោះ លោកផ្តាំថា «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ» ហើយថា លោកយ៉ាកុបបានស្តាប់តាមឪពុកម្តាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម នោះអេសាវយល់ថា លោកអ៊ីសាកជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ អេសាវក៏ទៅរកលោកអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូនរបស់នាងនេបាយ៉ូត ជាកូនរបស់លោកអ៊ីសម៉ាអែល ចៅរបស់លោកអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។ លោកយ៉ាកុបចេញពីបៀរ-សេបា ទៅឯស្រុកខារ៉ាន។ លោកបានទៅដល់កន្លែងមួយ ក៏ស្នាក់នៅទីនោះមួយយប់ ព្រោះថ្ងៃលិចហើយ។ លោកយកថ្មមួយដុំមកកើយ ហើយដេកលក់ទៅ។ លោកយល់សប្តិឃើញថា មានជណ្តើរមួយបញ្ឈរនៅលើដី មានចុងទល់ផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ។ ព្រះយេហូវ៉ាគង់នៅក្បែរលោក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ័ប្រាហាំជីតាអ្នក ហើយជាព្រះរបស់អ៊ីសាក។ ដីដែលអ្នកដេកពីលើនេះ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នក។ ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។ ពេលនោះ លោកយ៉ាកុបភ្ញាក់ពីដេកឡើង ហើយពោលថា៖ «ព្រះយេហូវ៉ាពិតជាគង់នៅទីនេះមែន តែខ្ញុំមិនបានដឹងសោះ!»។ លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! ទីនេះមិនមែនជាអ្វីទេ គឺជាព្រះដំណាក់របស់ព្រះ ហើយជាទ្វារស្ថានសួគ៌ពិតមែន»។ លុះព្រឹកឡើង លោកយ៉ាកុបក្រោកពីព្រលឹម ហើយយកថ្មដែលលោកបានកើយនោះ មកដាក់បញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ។ លោកដាក់ឈ្មោះទីនោះថា "បេត-អែល" តែពីដើម គេហៅទីក្រុងនោះថា "លូស"។ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះទ្រង់គង់ជាមួយខ្ញុំ ហើយរក្សាខ្ញុំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យខ្ញុំបរិភោគ និងសម្លៀកបំពាក់ផង ដើម្បីឲ្យខ្ញុំបានវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញដោយសុខសាន្ត នោះខ្ញុំនឹងយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្ញុំ ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
លោកុប្បត្តិ 28:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។ ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្ដាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។ បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។ លោកអេសាវឃើញលោកអ៊ីសាកឲ្យពរលោកយ៉ាកុប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដាន់-អើរ៉ាម ទាំងផ្ដែផ្ដាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្ដាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។ លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។ លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន។ ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។ លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។ ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។ លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។ លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ។ លោកដាក់ឈ្មោះកន្លែងនោះថា«បេតអែល»។ ប៉ុន្តែ កាលពីដើម គេហៅកន្លែងនោះថា «លូស»។ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំមែន។ ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់! អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងយកមួយភាគដប់ថ្វាយព្រះអង្គវិញ»។
លោកុប្បត្តិ 28:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង នឹងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរ្តិ៍អាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនឹងអេសាវ។ រីឯអេសាវគាត់ឃើញថា អ៊ីសាកបានឲ្យពរដល់យ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីនឹងយកប្រពន្ធពីនោះមក ហើយថា ក្នុងខណដែលឲ្យពរនោះ គាត់ក៏ផ្តាំថា កុំឲ្យឯងយកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណានឡើយ ហើយឃើញថា យ៉ាកុបបានស្តាប់តាមឪពុកម្តាយហើយ ទាំងចេញទៅឯស្រុកប៉ាដាន់-អើរ៉ាមផង ដូច្នេះអេសាវយល់ថា កូនស្រីស្រុកកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំមកធ្វើជាប្រពន្ធថែមទៀត។ ឯយ៉ាកុប គាត់ចេញពីបៀរ-សេបា ទៅឯខារ៉ាន បានដល់កន្លែង១ ក៏សំណាក់នៅទីនោះ១យប់ ពីព្រោះថ្ងៃលិចហើយ គាត់យកថ្មនៅទីនោះមកកើយក្បាលដេកលក់ទៅ គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯងហើយនឹងពូជឯងតទៅ ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។ នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ គាត់ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត លុះព្រឹកឡើងយ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ គាត់ដាក់ឈ្មោះទីនោះថា បេត-អែលតែពីដើមមកទីក្រុងនោះហៅថា លូសទេ។ យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន នឹងសំលៀកបំពាក់ផង ហើយបើឲ្យទូលបង្គំបានត្រឡប់ទៅដល់ផ្ទះឪពុកទូលបង្គំវិញដោយសុខសាន្ត នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។