លោកុប្បត្តិ 27:18-46
លោកុប្បត្តិ 27:18-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបក៏យកទៅជូនឪពុក ជម្រាបថា៖ «លោកពុក» លោកអ៊ីសាកឆ្លើយថា៖ «ពុកនៅឯណោះ តើកូនណាមួយហ្នឹង?» លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។ លោកអ៊ីសាកសួរថា៖ «កូនអើយ ម្តេចបានជាកូនរកបានឆាប់ម៉្លេះ?» លោកយ៉ាកុបឆ្លើយថា៖ «ព្រោះព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបានជួយកូន»។ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «កូនអើយ ចូលមកជិតមក៍ ឲ្យពុកបានស្ទាបកូនមើល ដើម្បីឲ្យដឹងថា កូនជាអេសាវ កូនពុកមែន ឬមិនមែន»។ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ លោកមិនបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោម ដូចជាដៃរបស់អេសាវជាបងដែរ។ ដូច្នេះ លោកក៏ឲ្យពរ តែលោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវកូនពុកមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន»។ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិត ហើយថើបពុកមក៍!»។ លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។ សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។ សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។ កាលលោកអ៊ីសាកបានឲ្យពរលោកយ៉ាកុបចប់ហើយ លោកយ៉ាកុបចេញពីលោកអ៊ីសាកជាឪពុកសឹងមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ។ គាត់បានរៀបចំម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់នេះទៅ ដើម្បីឲ្យលោកឪពុកបានឲ្យពរកូន»។ លោកអ៊ីសាកជាឪពុកសួរថា៖ «ចុះឯងជាអ្នកណា?» គាត់ឆ្លើយថា៖ «ខ្ញុំនេះជាអេសាវ កូនច្បងរបស់លោកឪពុក»។ ពេលនោះ លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយសួរថា៖ «តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យពុក ហើយពុកបានបរិភោគគ្រប់មុខអម្បាញ់មិញ មុនពេលកូនមកដល់? ពុកបានឲ្យពរវាទៅហើយ ហើយវានឹងបានពរមែន!»។ ពេលអេសាវបានឮពាក្យរបស់ឪពុកដូច្នេះ គាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា៖ «ឱលោកឪពុកអើយ ឲ្យពរមក៍ សូមឲ្យពរមកកូនផង!»។ ប៉ុន្ដែ លោកឆ្លើយថា៖ «ប្អូនរបស់កូនបានមកដោយប្រើកលល្បិច ហើយដណ្តើមយកពររបស់កូនបាត់ទៅហើយ»។ អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា "យ៉ាកុប" ដូច្នេះ ត្រូវណាស់ ដ្បិតវាបានដណ្តើមខ្ញុំពីរដងនេះហើយ។ វាបានយកសិទ្ធិកូនច្បងរបស់ខ្ញុំម្តង ហើយមើល៍ ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត!» រួចគាត់សួរថា៖ «តើលោកឪពុកមិនបានបម្រុងទុកពរណាសម្រាប់កូនផងទេឬ?»។ លោកអ៊ីសាកឆ្លើយទៅអេសាវថា៖ «មើល៍ ពុកបានឲ្យវាធ្វើជាចៅហ្វាយលើកូន ហើយបានឲ្យបងប្អូនរបស់វាទាំងអស់ធ្វើជាអ្នកបម្រើរបស់វា ព្រមទាំងឲ្យវាបានទ្រទ្រង់ជីវិតដោយស្រូវ និងស្រាទំពាំងបាយជូរ។ ដូច្នេះ កូនអើយ តើឲ្យពុកអាចធ្វើអ្វីសម្រាប់កូនទៀត?» អេសាវសួរឪពុកថា៖ «លោកពុកអើយ តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? ឱលោកឪពុកអើយ សូមឲ្យពរកូនផង!» រួចអេសាវក៏ឡើងសំឡេងយំ។ ពេលនោះ លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដី ដែលមានជីជាតិ ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។ កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។ អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។ ប៉ុន្ដែ មានគេនាំពាក្យរបស់អេសាវជាកូនច្បង ទៅជម្រាបលោកស្រីរេបិកា ដូច្នេះ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុបកូនពៅមក ហើយប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូនចោល ដើម្បីរំសាយកំហឹង។ ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ ហើយនៅជាមួយគាត់ឲ្យបានយូរបន្តិច រហូតទាល់តែបងរបស់កូនបាត់ក្តៅក្រហាយ គឺទាល់តែបងប្រុសរបស់កូនលែងខឹងនឹងកូន ព្រមទាំងភ្លេចពីការដែលកូនបានធ្វើចំពោះវា នោះម្តាយនឹងឲ្យគេទៅនាំកូនពីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរទៅ នៅថ្ងៃតែមួយឬអី?»។ លោកស្រីរេបិកាមានប្រសាសន៍ទៅលោកអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ។ បើយ៉ាកុបរៀបការជាមួយស្ត្រីសាសន៍ហេតនៅស្រុកនេះដែរ នោះតើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត?»
លោកុប្បត្តិ 27:18-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ លោកយ៉ាកុបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ លោកពុំបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់លោកអេសាវដែរ។ ប៉ុន្តែ មុននឹងឲ្យពរ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។ លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។ លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីព្រះអម្ចាស់។ សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ ព្រះអង្គប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។ សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបថ្វាយបង្គំកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបថ្វាយបង្គំកូន! អ្នកណាដាក់បណ្ដាសាកូន អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។ ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។ គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន»។ លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។ លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អម្បាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។ លោកអ៊ីសាកឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្ដើមយកពររបស់កូនបាត់ទៅហើយ!»។ លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។ លោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។ លោកអេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមឲ្យពរកូនផងដែរ!»។ ពេលនោះ លោកអេសាវទ្រហោយំ។ លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖ «កូននឹងរស់នៅលើដីដែលគ្មានជីជាតិ ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។ កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។ លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។ មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។ ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។ កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទម្រាំបងរបស់កូនត្រជាក់ចិត្តវិញ។ ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្ដាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្ដាយមិនចង់ឲ្យកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។ លោកស្រីរេបិកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
លោកុប្បត្តិ 27:18-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ក៏ចូលទៅឯឪពុកជំរាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ឯងជាអ្នកណាហ្នឹង យ៉ាកុបឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក ឥឡូវខ្ញុំបានធ្វើដូចជាលោកឪពុកបានបង្គាប់ហើយ អញ្ជើញក្រោកអង្គុយឡើង ពិសាសាច់ដែលខ្ញុំបាញ់មកចុះ ដើម្បីឲ្យលោកឪពុកបានឲ្យពរដល់ខ្ញុំ អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ យ៉ាកុបក៏ចូលទៅថើប ហើយគាត់ក៏ធុំក្លិនសំលៀកបំពាក់នោះ រួចគាត់ឲ្យពរថា មើល ក្លិនកូនអញដូចជាក្លិននៃវាល ដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ សូមឲ្យព្រះទ្រង់ប្រទានសន្សើមពីលើមេឃ ហើយផលពីផែនដី ជាស្រូវ នឹងស្រាទំពាំងបាយជូរជាបរិបូរដល់ឯង ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។ កាលអ៊ីសាកបានឲ្យពរដល់យ៉ាកុបរួចជាស្រេច ហើយយ៉ាកុបចេញពីអ៊ីសាក ជាឪពុក ទៅសឹងតែមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ នោះអ៊ីសាកឪពុកគាត់សួរថា ចុះឯងជាអ្នកណា គាត់ឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះតើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន កាលអេសាវបានឮពាក្យឪពុកដូច្នោះ នោះគាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង តែគាត់ឆ្លើយថា ប្អូនឯងបានមកដោយឧបាយកលភ្ជែងដណ្តើមយកពរឯងហើយ រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។ អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបំរើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនឹងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត អេសាវគាត់សួរដល់ឪពុកថា លោកឪពុកអើយ តើមានពរតែ១នេះឬអី ឱលោកឪពុកអើយ សូមឲ្យពរដល់ខ្ញុំផង រួចអេសាវក៏ឡើងសំឡេងយំ អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។ អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ ហើយនៅជាមួយនឹងគាត់ឲ្យយូរបន្តិច ដរាបដល់បងឯងបាត់ក្តៅក្រហាយ កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។ នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។