លោកុប្បត្តិ 27:1-41

លោកុប្បត្តិ 27:1-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។ លោក​ប្រាប់​ថា៖ «មើល៍ ឥឡូវ​នេះ ពុក​ចាស់​ហើយ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​ពុក​ស្លាប់​ទេ ដូច្នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​បំពង់​ព្រួញ និង​ធ្នូ ហើយ​ចេញ​ទៅ​វាល ដើម្បី​បាញ់​សត្វ​យក​មកឲ្យ​ពុក ហើយ​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ពុក​ចូល​ចិត្ត ឲ្យ​ពុក​បរិ‌ភោគ​ម្តង ពុក​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​ពុក​ស្លាប់»។ កាល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​អេសាវ​ជា​កូន នោះ​លោក​ស្រី​រេបិកា​បាន​ស្តាប់​ឮ។ ពេល​អេសាវ​ចេញ​ទៅ​វាល ដើម្បី​បាញ់​សត្វ​យក​មក​ជូន​ឪពុក លោក​ស្រី​រេបិកា​ប្រាប់​លោក​យ៉ាកុប​ជា​កូន​ថា៖ «ម្តាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ បង​របស់​កូន​ថា "ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ពុក​បរិ‌ភោគ ពុក​នឹង​ឲ្យ​ពរ​កូន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ពុក​ស្លាប់"។ ដូច្នេះ កូន​អើយ ចូរ​កូន​ស្តាប់​ពាក្យ​ដែល​ម្តាយ​បង្គាប់​កូន។ ចូរ​ទៅ​ក្នុង​ហ្វូង​សត្វ យក​កូន​ពពែ​ពីរ​យ៉ាង​ល្អ​មក​ឥឡូវ ម្តាយ​នឹង​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​កូន តាម​ដែល​គាត់​ចូល​ចិត្ត រួច​កូន​យក​ទៅ​ជូន​ឪពុក​ពិសា​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ឲ្យ​ពរ​កូន​វិញ មុន​ពេល​គាត់​ស្លាប់»។ ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា៖ «មើល៍! បង​អេសាវ​មាន​រោម​ដុះ​ពេញ​ខ្លួន ចំណែក​ខ្ញុំ​គ្មាន​ទេ ប្រសិន‌បើ​លោក​ឪពុក​ស្ទាប​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​បញ្ឆោត​គាត់ នោះ​មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្ដា‌សា​វិញ»។ ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ សូម​ឲ្យ​បណ្ដា‌សា​នោះ​ធ្លាក់​មក​លើ​ម្តាយ​វិញ​ចុះ កូន​គ្រាន់​តែ​ស្តាប់​តាមពាក្យ​ម្តាយ ហើយ​ទៅ​យក​ពពែ​មក»។ ដូច្នេះ គាត់​ក៏​ទៅ​យក​កូន​ពពែ​មក រួច​ម្តាយ​រៀប​ចំ​ចាត់​ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​លោក​អ៊ីសាក​ចូល​ចិត្ត។ បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ​ជា​កូន​ច្បង ដែល​នៅ​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។ គាត់​យក​ស្បែក​ពពែ​មក​រុំ​នៅ​ដៃ និង​ក​ផង ត្រង់​កន្លែង​ដែល​គ្មាន​រោម។ បន្ទាប់មក គាត់​លើក​ម្ហូប​យ៉ាង​ឆ្ងាញ់ និង​នំបុ័ង​ដែល​គាត់​បាន​រៀប​ចំ មក​ឲ្យ​លោក​យ៉ាកុប ជា​កូន។ លោក​យ៉ាកុប​ក៏​យក​ទៅ​ជូន​ឪពុក ជម្រាប​ថា៖ «លោក​ពុក» លោក​អ៊ីសាក​ឆ្លើយ​ថា៖ «ពុក​នៅ​ឯណោះ តើ​កូន​ណា​មួយ​ហ្នឹង?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​ប្រាប់​ហើយ អញ្ជើញ​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ ដើម្បី​លោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​សួរ​ថា៖ «កូន​អើយ ម្តេច​បាន​ជា​កូន​រក​បាន​ឆាប់​ម៉្លេះ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​ជួយ​កូន»។ លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «កូន​អើយ ចូល​មក​ជិត​មក៍ ឲ្យ​ពុក​បាន​ស្ទាប​កូន​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ជា​អេសាវ កូន​ពុក​មែន ឬ​មិន​មែន»។ លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក​ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។ លោក​មិន​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម ដូច​ជា​ដៃ​របស់​អេសាវ​ជា​បង​ដែរ។ ដូច្នេះ លោក​ក៏​ឲ្យ​ពរ តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។ លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដាក់​ម្ហូប​ជិត​ពុក​មក ឲ្យ​ពុក​បាន​បរិ‌ភោគ​សាច់​ដែលកូន​បាន​បាញ់ ដើម្បី​ឲ្យ​ពុក​បាន​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយលោក​ក៏​ពិសា រួច​គាត់​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ លោក​ក៏​ពិសា​ទៀត។ បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត ហើយ​ថើប​ពុកមក៍!»។ លោក​យ៉ាកុប​ខិត​ទៅ​ជិត ហើយ​ថើប​ឪពុក។ ពេល​នោះ លោក​អ៊ីសាក​ធុំ​ក្លិន​សម្លៀក‌បំពាក់​របស់​កូន រួច​ឲ្យ​ពរ​កូន​ថា៖ «មើល៍ ក្លិន​កូន​របស់​ពុក​ដូច​ជា​ក្លិន​នៃ​ទី​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ។ សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។ សូម​ឲ្យ​មាន​ប្រជាជន​នានា​បម្រើ​កូន ហើយ​ជាតិ​សាសន៍​ផ្សេងៗ ក្រាប​ចុះ​ចំពោះ​កូន។ សូម​ឲ្យ​កូន​បាន​ទៅ​ជា​ចៅ‌ហ្វាយ លើ​បង‌ប្អូន​របស់​កូន ហើយ​ឲ្យ​កូន​ពោះ​មួយ​ជាមួយ​កូន បាន​ក្រាប​គោរព​ដល់​កូន សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន ហើយ​ឲ្យ​បាន​ពរ ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន»។ កាល​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​ហើយ លោក​យ៉ាកុប​ចេញ​ពី​លោក​អ៊ីសាក​ជា​ឪពុក​សឹង​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ។ គាត់​បាន​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​នេះ​ទៅ ដើម្បី​ឲ្យលោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «ចុះ​ឯង​ជា​អ្នក​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក»។ ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។ ពេល​អេសាវ​បាន​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា៖ «ឱ​លោក​ឪពុក​អើយ ឲ្យ​ពរ​មក៍ សូម​ឲ្យ​ពរ​មក​កូន​ផង!»។ ប៉ុន្ដែ លោក​ឆ្លើយ​ថា៖ «ប្អូន​របស់​កូន​បាន​មក​ដោយ​ប្រើ​កល‌ល្បិច ហើយ​ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ»។ អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា "យ៉ាកុប" ដូច្នេះ ត្រូវ​ណាស់ ដ្បិត​វា​បាន​ដណ្តើម​ខ្ញុំ​ពីរ​ដង​នេះ​ហើយ។ វា​បាន​យកសិទ្ធិ​កូន​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល៍ ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត!» រួច​គាត់​សួរ​ថា៖ «តើ​លោក​ឪពុក​មិន​បាន​បម្រុង​ទុក​ពរ​ណា​សម្រាប់​កូន​ផង​ទេ​ឬ?»។ លោក​អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា៖ «មើល៍ ពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​កូន ហើយ​បាន​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ធ្វើ​ជា​អ្នក​បម្រើ​របស់​វា ព្រម​ទាំង​ឲ្យ​វា​បាន​ទ្រទ្រង់​ជីវិត​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ។ ដូច្នេះ កូន​អើយ តើឲ្យ​ពុក​អាច​ធ្វើ​អ្វី​សម្រាប់​កូន​ទៀត?» អេសាវ​សួរ​ឪពុក​ថា៖ «លោក​ពុក​អើយ តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង!» រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ។ ពេល​នោះ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី ដែល​មាន​ជីជាតិ ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។ កូន​នឹង​រស់​នៅ​ដោយ‌សារ​ដាវ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន តែ​កាល​ណា​កូន​ផ្តាច់​ចំណង កូន​នឹង​ដោះ​នឹម​របស់​វា​ចេញ​ពី​ក​របស់​កូន»។ អេសាវ​ក៏​ស្អប់​លោក​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​កាន់​ទុក្ខ​ឪពុក​របស់​អញ​ជិត​ដល់​ហើយ ពេល​នោះ អញ​នឹង​សម្លាប់​យ៉ាកុប​ចោល»។

លោកុប្បត្តិ 27:1-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់‌ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បងមក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។ ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​ឲ្យ​ឪពុក។ បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។ ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបិកា​ក៏​បាន​លួច​ស្ដាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។ ពេល​នោះ លោក​ស្រី​រេបិកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្ដាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា “ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ម្ដាយ​ប្រាប់​ឲ្យ​ធ្វើ។ ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្ដាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។ បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។ លោក​យ៉ាកុប​តប​ទៅ​លោក​ស្រី​រេបិកា ជា​ម្ដាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន តែ​កូន​អត់​មាន​ទេ។ ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។ ម្ដាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្ដាប់​ពាក្យ​ម្ដាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។ លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្ដាយ ហើយ​ម្ដាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។ បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀក‌បំពាក់​របស់​លោក​អេសាវ​ជា​កូន​ច្បង គឺ​សម្លៀក‌បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។ គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​លោក​យ៉ាកុប ត្រង់​កន្លែង​ដែល​គ្មាន​រោម។ បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំប៉័ង​ដែល​គាត់​បាន​ធ្វើ មក​ឲ្យ​លោក​យ៉ាកុប​ជា​កូន​កាន់។ លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ‌ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។ លោក​យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។ លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។ លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល​គាត់ ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។ លោក​ពុំ​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​លោក​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។ លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយជូរ​ជូន​លោក​ពិសា​ដែរ។ បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។ លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។ ព្រះអង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។ សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ថ្វាយ‌បង្គំ​កូន!។ សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បងប្អូន​របស់​កូន! សូម​ឲ្យ​បងប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ថ្វាយ‌បង្គំ​កូន! អ្នក​ណា​ដាក់​បណ្ដាសា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។ ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។ គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។ លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អម្បាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។ ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។ លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។ លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។ លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បងប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។ លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។ កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពី នឹម​របស់​ប្អូន​កូន»។ លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។

លោកុប្បត្តិ 27:1-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អ៊ីសាក​គាត់​ចាស់ ហើយ​ភ្នែក​ក៏​ងងឹត​ដល់​ទៅ​មើល​មិន​ឃើញ​ទៀត នោះ​គាត់​ហៅ​អេសាវ​កូន​ច្បង​មក​ដោយ​ពាក្យ​ថា កូន​អើយ អេសាវ​ឆ្លើយ​ថា បាទ នោះ​គាត់​ប្រាប់​ថា មើល ឥឡូវ​នេះ អញ​ចាស់​ហើយ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​អញ​នឹង​ត្រូវ​ស្លាប់​ទេ ដូច្នេះ ចូរ​ឯង​យក​គ្រឿង​ប្រដាប់​មក​ឥឡូវ គឺ​បំពង់​ព្រួញ នឹង​ធ្នូ ហើយ​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក រួច​រៀប​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​អញ​ចូល​ចិត្ត មក​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​ឲ្យ​ពរ​ដល់​ឯង ក្នុង​ពេល​មុន​ដែល​អញ​ស្លាប់ ដូច្នេះ អេសាវ​ក៏​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក​ជូន​ឪពុក ឯ​រេបិកា កាល​អ៊ីសាក​កំពុង​តែ​និយាយ​នឹង​អេសាវ​ជា​កូន នោះ​នាង​ក៏​ឮ​ដែរ។ រួច​រេបិកា​ប្រាប់​យ៉ាកុប​ជា​កូន​ថា មើល អញ​ឮ​ឪពុក​ឯង​និយាយ​នឹង​អេសាវ​បង​ឯង​ថា ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ដែល​អញ​ស្លាប់ ដូច្នេះ កូន​អើយ ចូរ​ឯង​ស្តាប់​តាម​បង្គាប់​អញ​ចុះ ចូរ​ទៅ​ឯ​ហ្វូង​សត្វ យក​កូន​ពពែ​២​យ៉ាង​ល្អ​មក​ឥឡូវ អញ​នឹង​រៀប​ជា​ម្ហូប​ឲ្យ​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​ឯង តាម​ដែល​គាត់​ចូល​ចិត្ត រួច​សឹម​ឯង​យក​ទៅ​ជូន​ឪពុក​ពិសា​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ឲ្យ​ពរ​ដល់​ឯង​វិញ មុន​ពេល​ដែល​គាត់​ស្លាប់ តែ​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា មើល អេសាវ​បង​ខ្ញុំ​មាន​រោម​ដុះ​ស្មូញ‌ស្មាញ តែ​ខ្ញុំ​គ្មាន​ទេ ក្រែង‌លោ​ឪពុក​ស្ទាប​ខ្ញុំ រួច​នឹង​មើល​ទៅ​ដូច​ជា​អ្នក​ឆ‌បោក​ដល់​គាត់ ដូច្នេះ​មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្តាសា​វិញ នោះ​ម្តាយ​ប្រាប់​ថា កូន​អើយ សូម​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ធ្លាក់​មក​លើ​អញ​វិញ​ចុះ ឲ្យ​ឯង​គ្រាន់​តែ​ស្តាប់​តាម​អញ ហើយ​ទៅ​យក​ពពែ​មក​ឲ្យ​ប៉ុណ្ណោះ គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត រេបិកា​នាង​យក​សំលៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ ជា​កូន​ច្បង ដែល​នៅ​នឹង​នាង​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ពៅ​វិញ នាង​ដាក់​ស្បែក​ពពែ​ភ្ជាប់​នៅ​ដៃ ហើយ​នឹង​កញ្ចឹង‌ក​ផង រួច​ប្រគល់​ម្ហូប​ដ៏​ឆ្ងាញ់​នោះ នឹង​នំបុ័ង​ដែល​បាន​ធ្វើ​ដល់​យ៉ាកុប​ជា​កូន ឲ្យ​ទ្រនាំ​យក​ទៅ។ គាត់​ក៏​ចូល​ទៅ​ឯ​ឪពុក​ជំរាប​ថា លោក​ឪពុក​អើយ ឪពុក​ឆ្លើយ​ថា អី​កូន ឯង​ជា​អ្នក​ណា​ហ្នឹង យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក ឥឡូវ​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​បង្គាប់​ហើយ អញ្ជើញ​ក្រោក​អង្គុយ​ឡើង ពិសា​សាច់​ដែល​ខ្ញុំ​បាញ់​មក​ចុះ ដើម្បី​ឲ្យ​លោក​ឪពុក​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ អ៊ីសាក​សួរ​ថា កូន​អើយ ម្តេច​ឡើយ​បាន​ជា​ឯង​រក​បាន​ឆាប់​ដល់​ម៉្លេះ នោះ​គាត់​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឪពុក​ទ្រង់​បាន​ជួយ​ខ្ញុំ អ៊ីសាក​និយាយ​ទៅ​យ៉ាកុប​ថា កូន​អើយ ចូរ​ឯង​មក​ជិត ដើម្បី​អញ​នឹង​ស្ទាប​ឯង​មើល​ឲ្យ​ដឹង បើ​ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន យ៉ាកុប​ក៏​ចូល​ទៅ​ជិត​អ៊ីសាក​ឪពុក​ខ្លួន ហើយ​គាត់​ស្ទាប​មើល រួច​និយាយ​ថា សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​អេសាវ​ពិត គាត់​មិន​បាន​ជា​សំគាល់​ទេ ដ្បិត​ដៃ​នោះ​មាន​រោម​ដូច​ជា​ដៃ​អេសាវ​ជា​បង​ដែរ ដូច្នេះ គាត់​ក៏​ឲ្យ​ពរ តែ​គាត់​បញ្ជាក់​ថា ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន​ឬ​អី រួច​យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​ពិត​មែន​ហើយ នោះ​គាត់​និយាយ​ថា ចូរ​ដាក់​ម្ហូប​ជិត​អញ​មក ឲ្យ​អញ​ស៊ី​សាច់​ដែល​ឯង​បាន​បាញ់ ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយ​គាត់​ក៏​ពិសា​ទៅ រួច​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ គាត់​ក៏​ពិសា​ទៀត អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។ កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ នោះ​អ៊ីសាក​ឪពុក​គាត់​សួរ​ថា ចុះ​ឯង​ជា​អ្នក​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក អ៊ីសាក​ក៏​ញ័រ​ខ្លួន​ជា​ខ្លាំង​ណាស់ ទាំង​សួរ​ថា ដូច្នេះ​តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​អញ ហើយ​អញ​បាន​ស៊ី​គ្រប់​មុខ​អម្បាញ់‌មិញ មុន​ដែល​ឯង​មក​នេះ អញ​ក៏​ឲ្យ​ពរ​ដល់​វា​ទៅ ហើយ​វា​នឹង​បាន​ពរ​មែន កាល​អេសាវ​បាន​ឮ​ពាក្យ​ឪពុក​ដូច្នោះ នោះ​គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា ឱ​លោក​ឪពុក​អើយ សូម​ចែក​ឲ្យ​ពរ​មក​ខ្ញុំ​ផង តែ​គាត់​ឆ្លើយ​ថា ប្អូន​ឯង​បាន​មក​ដោយ​ឧបាយ‌កល​ភ្ជែង​ដណ្តើម​យក​ពរ​ឯង​ហើយ រួច​អេសាវ​និយាយ​ថា គេ​បាន​ដាក់​ឈ្មោះ​វា​ថា «យ៉ាកុប» ត្រូវ​ណាស់ ព្រោះ​វា​បាន​ដណ្តើម​ខ្ញុំ​២​ដង​នេះ​ហើយ គឺ​បាន​យក​អំណាច​មរដក​បង​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត រួច​គាត់​សួរ​ថា តើ​លោក​ឪពុក​គ្មាន​បំរុង​ពរ​ណា​ទុក​សំរាប់​ឲ្យ​ផង​ទេ​ឬ​អី។ អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា មើល អញ​បាន​តាំង​ឲ្យ​វា​ធ្វើ​ជា​ចៅហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​បាវ​បំរើ​ដល់​វា ទាំង​ឲ្យ​វា​លៀង​ជីវិត​ដោយ​ស្រូវ ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច្នេះ កូន​អើយ តើ​ឲ្យ​អញ​ធ្វើ​អ្វី​ឲ្យ​ឯង​ទៀត អេសាវ​គាត់​សួរ​ដល់​ឪពុក​ថា លោក​ឪពុក​អើយ តើ​មាន​ពរ​តែ​១​នេះ​ឬ​អី ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​ដល់​ខ្ញុំ​ផង រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ ឯង​នឹង​រស់​នៅ​ដោយ‌សារ​ដាវ​ឯង​វិញ ហើយ​នឹង​បំរើ​ដល់​ប្អូន តែ​កាល​ណា​ឯង​បាន​ផ្តាច់​ចំណង នោះ​នឹង​បាន​ដោះ​នឹម​របស់​វា​ពី​ក​ឯង​ចេញ។ អេសាវ​ក៏​ស្អប់​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​សំរេច​ក្នុង​ចិត្ត​ថា ថ្ងៃ​កាន់​ទុក្ខ​ឪពុក​អញ​ជិត​ដល់​ហើយ នោះ​អញ​នឹង​សំឡាប់​យ៉ាកុប​ជា​ប្អូន​ចោល