លោកុប្បត្តិ 26:19-22

លោកុប្បត្តិ 26:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ កាល​ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្តូង​នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ គេក៏​រក​ឃើញ​អណ្ដូង​មួយ​មាន​ទឹក​ហូរ​ចេញ​មក ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ឈ្លោះ​ប្រកែក​ជា‌មួយ​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយពោល​ថា៖ «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ហៅ​អណ្តូង​នោះ​ថា "អេសែក" ព្រោះ​គេ​បាន​ឈ្លោះ​ជាមួយ​លោក។ បន្ទាប់​មក គេ​ជីក​អណ្តូង​មួយ​ទៀត ហើយ​គេ​ក៏​ឈ្លោះ​ប្រកែក​ពី​អណ្តូង​នោះ​ទៀត ដូច្នេះ លោក​ហៅ​អណ្តូង​នោះ​ថា "ស៊ីតណា" ។ លោក​ក៏​រើ​ចេញ​ពី​ទី​នោះ ហើយ​ជីក​អណ្តូង​មួយ​ទៀត តែ​គេ​មិន​បាន​ឈ្លោះ​ប្រកែក​ពី​អណ្តូង​នោះ​ទេ ដូច្នេះ លោក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា "រេហូ‌បូត" ដោយ​ពាក្យ​ថា៖ «ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បើក​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រើន​ឡើង​ក្នុង​ស្រុក​នេះ»។

លោកុប្បត្តិ 26:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។ ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។ ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។ លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បូត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ស្រុក​នេះ»។

លោកុប្បត្តិ 26:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ក៏​ប្រឈ្លោះ​គ្នា​នឹង​ពួក​គង្វាល​របស់​អ៊ីសាក​ថា ទឹក​នេះ​ជា​របស់​ផង​យើង រួច​គាត់​ហៅ​អណ្តូង​នោះ​ថា អេសែក ពី​ព្រោះ​គេ​បាន​ឈ្លោះ​នឹង​គាត់ នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា គាត់​ចេញ​ពី​ទី​នោះ​ទៅ​ជីក​អណ្តូង​១​ទៀត តែ​ឥត​មាន​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ទេ បាន​ជា​គាត់​ដាក់​ឈ្មោះ​ថា រេហូ‌បូត ដោយ​និយាយ​ថា ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​បាន​ទូលាយ​ហើយ យើង​នឹង​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​នេះ