លោកុប្បត្តិ 26:12-16

លោកុប្បត្តិ 26:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អ៊ីសាក​បាន​សាប‌ព្រោះ​នៅ​ស្រុក​នោះ ហើយ​នៅ​ឆ្នាំ​នោះ លោក​ច្រូត​បាន​មួយ​ជា‌មួយ​រយ។ ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​លោក រួច​លោក​ក៏ទៅ​ជា​អ្នក​មាន ហើយ​ចេះ​តែ​ចម្រើន​ឡើង រហូត​ទាល់​តែ​បាន​ទៅ​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ។ លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​អ្នក​បម្រើ​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​ពួក​ភីលី‌ស្ទីន​មានចិត្ត​ច្រណែន​នឹង​លោក។ (គ្រា​នោះ ពួក​ភីលី‌ស្ទីន​បាន​លុប​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អ័ប្រា‌ហាំ​នៅ​រស់​នៅ​ឡើយ)។ រួច​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មាន​រាជ‌ឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​អ្នក​ចាក​ចេញ​ពី​យើង​ទៅ ដ្បិត​អ្នក​ខ្លាំង​ពូកែ​ជាង​យើង​ណាស់»។

លោកុប្បត្តិ 26:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​លោក។ លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។ លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលីស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក ហើយ​យក​ដី​មក​លុប​បំពេញ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អប្រាហាំ​នៅ​រស់​នៅ​ឡើយ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជាង​យើង​ណាស់»។

លោកុប្បត្តិ 26:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ៊ីសាក​គាត់​ក៏​សាប‌ព្រោះ​នៅ​ស្រុក​នោះ​ហើយ​នៅ​ឆ្នាំ​នោះ​ឯង​គាត់​បាន​ផល​១​ជា​១​រយ​ភាគ​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ គាត់​ក៏​ត្រឡប់​បាន​ជា​អ្នក​មាន ហើយ​ចេះ​តែ​ចំរើន​ជា​ច្រើន​ឡើង ទាល់​តែ​មាន​យ៉ាង​ស្តុក‌ស្តម្ភ គាត់​មាន​ហ្វូង​ចៀម​ហ្វូង​គោ ហើយ​នឹង​បាវ​បំរើ​ជា​ច្រើន ឯ​ពួក​ភីលីស្ទីន​គេ​ក៏​កើត​មាន​សេចក្ដី​ច្រណែន​នឹង​គាត់ ហើយ​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​បាវ​របស់​ឪពុក​បាន​ជីក ពី​កាល​ដែល​នៅ​រស់​នៅ​ឡើយ នោះ​ពួក​ភីលីស្ទីន​គេ​លុប​ដី​ពេញ​ទាំង​អស់​ទៅ រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​នឹង​អ៊ីសាក​ថា ត្រូវ​ឲ្យ​អ្នក​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​អ្នក​ពូកែ​ជាង​យើង​ហើយ។