លោកុប្បត្តិ 26:1-6

លោកុប្បត្តិ 26:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សម័យ​នោះ មាន​កើត​អំណត់​នៅ​ក្នុង​ស្រុក ផ្សេង​ពី​អំណត់​លើក​មុន ដែល​កើត​មាន​នៅ​ជំនាន់​លោក​អ័ប្រា‌ហាំ។ លោក​អ៊ីសាក​ធ្វើ​ដំណើរ​ទៅ​ក្រុង​កេរ៉ា ទៅ​ជ្រក​កោននឹង​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលី‌ស្ទីន។ ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​លោក​អ៊ីសាក​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូររស់​នៅ​ក្នុង​ស្រុក​ដែល​យើង​នឹង​ប្រាប់​អ្នក​វិញ។ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ យើង​នឹង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់​អ្នក ហើយ​យើង​នឹង​សម្រេច​តាម​ពាក្យ​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​របស់​អ្នក។ យើង​នឹង​ចម្រើន​ពូជ‌ពង្ស​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក រួច​អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ័ប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​យើង ហើយ​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ​បញ្ជា តាម​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។ ដូច្នេះ លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ស្រុក​កេរ៉ា។

លោកុប្បត្តិ 26:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​លោក​អប្រាហាំ។ លោក​អ៊ីសាក​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៃ​ជន‌ជាតិ​ភីលីស្ទីន។ ព្រះ‌អម្ចាស់​បាន​យាង​មក​ជួប​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក ដ្បិត​អប្រាហាំ​បាន​ស្ដាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ‌បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។ លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។

លោកុប្បត្តិ 26:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សម័យ​នោះ មាន​កើត​អំណត់​នៅ​ក្នុង​ស្រុក​ផ្សេង​ពី​អំណត់​ជាន់​មុន ដែល​កើត​មាន​នៅ​ជំនាន់​អ័ប្រា‌ហាំ ហើយ​អ៊ីសាក គាត់​ទៅ​ឯ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលីស្ទីន​នៅ​កេរ៉ា នោះ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​គាត់​មាន​បន្ទូល​ថា កុំ​ឲ្យ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឯង​នៅ​ក្នុង​ស្រុក​ដែល​អញ​នឹង​ប្រាប់​ឯង​វិញ ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង​នឹង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​ឯង អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​អ័ប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​អញ ព្រម​ទាំង​រក្សា​បញ្ញើ នឹង​បញ្ញត្ត ហើយ​ច្បាប់ នឹង​ក្រឹត្យ‌វិន័យ​របស់​អញ។ នោះ​អ៊ីសាក​ក៏​នៅ​ក្នុង​ស្រុក​កេរ៉ា