លោកុប្បត្តិ 25:27-34

លោកុប្បត្តិ 25:27-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​កូន​ទាំង​ពីរ​ធំ​ឡើង អេសាវ​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ ជា​មនុស្ស​នៅ​តាម​ទី​វាល ឯ​យ៉ាកុប​វិញ គាត់​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ជំរំ។ លោក​អ៊ីសាក​ស្រឡាញ់​អេសាវ ព្រោះ​ចូល​ចិត្ត​បរិ‌ភោគ​សាច់​ដែល​គាត់​បរ​បាញ់ រី​ឯ​រេបិកា​វិញ នាង​ស្រឡាញ់​យ៉ាកុប។ ថ្ងៃ​មួយ កាល​យ៉ាកុប​កំពុង​តែ​ស្ល​សម្ល នោះ​អេសាវ​វិល​ត្រឡប់​មក​ពី​វាល ហើយ​គាត់​ហត់​ហេវ​ជា​ខ្លាំង។ អេសាវ​ពោល​ទៅ​កាន់​យ៉ា​កុប​ថា៖ «សូម​ចែក​សម្ល​ក្រហម​ខ្លះ​ឲ្យ​បង​ហូប​ផង ដ្បិត​បង​ហេវ​ខ្លាំង​ណាស់!» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា "អេដុម" )។ យ៉ាកុប​និយាយ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​សិន​មក»។ អេសាវ​តប​ថា៖ «បង​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?» យ៉ាកុប​ពោល​ថា៖ «ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន »។ គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​សិទ្ធិ​ជា​កូន​ច្បង​នោះ​ឲ្យ​យ៉ាកុប។ យ៉ាកុប​ក៏​ឲ្យ​នំបុ័ង និង​សម្ល​សណ្តែក​បាយ​ដល់​អេសាវ ហើយ​គាត់​ក៏​បរិ‌ភោគ រួច​ក្រោក​ដើរ​ចេញ​ទៅ។ អេសាវ​បាន​មើល‌ងាយ​សិទ្ធិ​ជា​កូន​ច្បង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ឯង។

លោកុប្បត្តិ 25:27-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។ លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។ ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ‌ហត់​ជា​ខ្លាំង។ លោក​អេសាវ​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា មនុស្ស​ពណ៌​ក្រហម)។ លោក​យ៉ាកុប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សិន​មក»។ លោក​អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។ លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​លោក​យ៉ាកុប។ លោក​យ៉ាកុប​យក​នំប៉័ង ព្រម​ទាំង​សម្ល​សណ្ដែក​ក្រហម មក​ជូន​គាត់​ពិសា។ លោក​អេសាវ​ពិសា​បាយ​ទឹក រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់‌ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។

លោកុប្បត្តិ 25:27-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​ទាំង​២​នោះ​ក៏​ធំ​ឡើង អេសាវ​បាន​ទៅ​ជា​អ្នក​ចំណាន​ខាង​ឯ​វិជ្ជា​ព្រាន​ប្រមាញ់ ជា​មនុស្ស​នៅ​តែ​ទី​វាល ឯ​យ៉ាកុប​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ត្រសាល​វិញ អ៊ីសាក​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​អេសាវ ដោយ​ព្រោះ​ធ្លាប់​បាន​បរិភោគ​សាច់​ក្តាន់​របស់​គាត់ ឯ​រេបិកា នាង​ស្រឡាញ់​យ៉ាកុប​វិញ។ សម័យ​១​យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ ក៏​និយាយ​ថា សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា​អេដំម​វិញ តែ​យ៉ាកុប​និយាយ​ថា សូម​ឲ្យ​បង​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​ខ្ញុំ​សិន នោះ​អេសាវ​ឆ្លើយ​ថា បង​ស្លាប់​ឥឡូវ​ហើយ ដូច្នេះ​តើ​អំណាច​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ទៀត យ៉ាកុប​ក៏​និយាយ​ថា ចូរ​ស្បថ​ឲ្យ​ខ្ញុំ​ឥឡូវ​ចុះ រួច​គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​អំណាច​នោះ​ឲ្យ​ដល់​យ៉ាកុប​ទៅ យ៉ាកុប​ក៏​ឲ្យ​នំបុ័ង នឹង​សំឡ​សណ្តែក‌បាយ​ដល់​អេសាវ គាត់​ក៏​បរិភោគ រួច​ក្រោក​ដើរ​ចេញ​បាត់​ទៅ អេសាវ​បាន​មើល‌ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដោយ​អាការ​យ៉ាង​ដូច្នោះ។