លោកុប្បត្តិ 24:12-15
លោកុប្បត្តិ 24:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់អធិស្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះ សូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងព្រះហឫទ័យសប្បុរសដល់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង។ មើល៍ ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងក៏ចេញមកដងទឹកដែរ។ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។ កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
លោកុប្បត្តិ 24:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ក៏អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ចៅហ្វាយរបស់ទូលបង្គំ សូមព្រះអង្គមេត្តាជួយឲ្យទូលបង្គំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសម្តែងព្រះហឫទ័យសន្តោសមេត្តាដល់លោកអប្រាហាំជាម្ចាស់ទូលបង្គំផង! ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។ គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។
លោកុប្បត្តិ 24:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។ កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ