លោកុប្បត្តិ 24:1-8
លោកុប្បត្តិ 24:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។ លោកអ័ប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក គឺអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះ ជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃរបស់អ្នកនៅក្រោមភ្លៅខ្ញុំ ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។ អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?» លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។ ប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងបានរួចពីសម្បថដែលអ្នកស្បថនឹងខ្ញុំនេះ ប៉ុន្តែ មិនត្រូវនាំកូនប្រុសខ្ញុំទៅស្រុកនោះវិញឡើយ»។
លោកុប្បត្តិ 24:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។ លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។ អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។ លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្ដាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។ ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។
លោកុប្បត្តិ 24:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ័ប្រាហាំគាត់ចាស់ណាស់ហើយ មានអាយុវែង ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់គាត់ក្នុងគ្រប់ការទាំងអស់ នោះអ័ប្រាហាំនិយាយទៅបាវ ជាអ្នកចាស់ជាងគេក្នុងផ្ទះ ដែលត្រួតត្រាលើរបស់ទ្រព្យទាំងអស់ថា ចូរឯងដាក់ដៃនៅក្រោមភ្លៅអញ អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ គឺត្រូវឲ្យឯងទៅឯស្រុកអញ នឹងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ បាវនោះក៏ឆ្លើយទៅគាត់ថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ បើដូច្នេះ តើត្រូវឲ្យខ្ញុំនាំកូនលោកត្រឡប់ទៅនៅស្រុកដែលលោកបានចោលនោះឬអី អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះ ឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ បើស្ត្រីនោះមិនព្រមមកតាមឯងទេ នោះឯងនឹងបានរួចពីសម្បថដែលឯងស្បថនឹងអញនេះ ប៉ុន្តែ កុំឲ្យឯងនាំកូនអញទៅឯណោះឡើយ