លោកុប្បត្តិ 24:1-18

លោកុប្បត្តិ 24:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អ័ប្រា‌ហាំ​មាន​វ័យ​កាន់​តែ​ចាស់ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​អ័ប្រា‌ហាំ​ក្នុង​គ្រប់​ការ​ទាំង​អស់។ លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក គឺ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ផ្ទះ ជា​អ្នក​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​របស់​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ ខ្ញុំ​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ជា​ព្រះ​នៃ​ផែន‌ដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​របស់​ខ្ញុំ​ពីពួក​កូន​ស្រី​សាសន៍​កាណាន ដែល​ខ្ញុំ​រស់​នៅ​កណ្ដាល​គេ​នេះ​ឡើយ គឺ​អ្នក​ត្រូវ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​របស់​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។ អ្នក​បម្រើ​នោះ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​របស់​លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?» លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​នាំ​កូន​របស់​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក" ព្រះ‌អង្គ​នោះ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​បានដណ្ដឹង​ប្រពន្ធ​ពី​ស្រុក​នោះ មក​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ។ ប្រសិន‌បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​អ្នក​ទេ នោះ​អ្នក​នឹង​បាន​រួច​ពី​សម្បថ​ដែល​អ្នក​ស្បថ​នឹង​ខ្ញុំ​នេះ ប៉ុន្តែ មិន​ត្រូវ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​វិញ​ឡើយ»។ ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​លោក​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​របស់​ខ្លួន ហើយ​ស្បថ​ជូន​លោក​អំពី​រឿង​នេះ។ បន្ទាប់​មក អ្នក​បម្រើ​នោះ​ក៏​យក​អូដ្ឋ​ដប់​ក្បាល ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ ព្រម​ទាំង​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ រួចក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​ទៅ​ទី​ក្រុង​របស់​ណាឃរ។ គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង ជិត​អណ្តូង​ទឹក​នៅ​ពេល​ល្ងាច ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។ គាត់​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង។ មើល៍ ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ហើយ​ពួក​កូន​ស្រី​របស់​អ្នក​ក្រុង​ក៏​ចេញ​មក​ដង​ទឹក​ដែរ។ បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។ កាល​គាត់​អធិ‌ស្ឋាន​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក។ នាង​ជា​កូន​របស់​លោក​បេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។ នាង​មាន​រូប​សម្រស់​ល្អ​ណាស់ ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ។ នាង​ចុះ​ទៅ​ក្នុង​អណ្តូង ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ។ អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា៖ «សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។ នាង​តប​ថា៖ «អញ្ជើញ​ពិសា លោក​ម្ចាស់!»។ រួច​នាង​ក៏​ដាក់​ក្អម​ចុះ​ជា​ប្រញាប់ ហើយ​ឲ្យទឹក​គាត់​ពិសា។

លោកុប្បត្តិ 24:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អប្រាហាំ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ប្រទាន​ពរ​លោក​សព្វ​គ្រប់​ទាំង​អស់។ លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក ដែល​មាន​វ័យ​ចំណាស់​ជាង​គេ និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ ហើយ​ស្បថ​ដោយ​យក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ និង​ផែនដី ធ្វើ​ជា​ប្រធាន​ថា អ្នក​នឹង​មិន​ដណ្ដឹង​កូន​ស្រី​របស់​ជន‌ជាតិ​កាណាន ដែល​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​ឡើយ គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ‌សន្ដាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសាក ជា​កូន​របស់​ខ្ញុំ​វិញ»។ អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។ លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កុំ​នាំ​កូន​ខ្ញុំ​ទៅ​ស្រុក​នោះ​ឲ្យ​សោះ! ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ញាតិ‌សន្ដាន និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ និង​បាន​សន្យា​ជា​មួយ​ខ្ញុំ​ថា ទ្រង់​ពិត​ជា​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​ខ្ញុំ។ ដូច្នេះ ព្រះអង្គ​មុខ​ជា​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្ញុំ។ ប្រសិន​បើ​នាង​មិន​យល់​ព្រម​មក​តាម​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ តែ​កុំ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​ជា​ដាច់​ខាត»។ អ្នក​បម្រើ​ក៏​ដាក់​ដៃ​ក្រោម​ភ្លៅ​លោក​អប្រាហាំ ជា​ម្ចាស់​របស់​គាត់ ទាំង​ស្បថ​ជូន​លោក​អំពី​រឿង​នេះ។ អ្នក​បម្រើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ម្ចាស់​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូ‌ប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ម្ចាស់​គាត់​ទៅ​ជា​មួយ​ផង។ លុះ​មក​ដល់​ជិត​អណ្ដូង​ទឹក​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង គាត់​ក៏​ឲ្យ​អូដ្ឋ​ទាំង​អស់​លុត​ជង្គង់។ ពេល​នោះ ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។ គាត់​ក៏​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ចៅហ្វាយ​របស់​ទូលបង្គំ សូម​ព្រះអង្គ​មេត្តា​ជួយ​ឲ្យ​ទូលបង្គំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ដល់​លោក​អប្រាហាំ​ជា​ម្ចាស់​ទូលបង្គំ​ផង! ទូលបង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទីក្រុង​មក​ដង​ទឹក​ដែរ បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះអង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។ គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។ នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។ អ្នក​បម្រើ​របស់​លោក​អប្រាហាំ​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ចាក់​ទឹក​ពី​ក្អម​នាង ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។ នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។

លោកុប្បត្តិ 24:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ័ប្រា‌ហាំ​គាត់​ចាស់​ណាស់​ហើយ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​អ័ប្រា‌ហាំ​និយាយ​ទៅ​បាវ ជា​អ្នក​ចាស់​ជាង​គេ​ក្នុង​ផ្ទះ ដែល​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​ទាំង​អស់​ថា ចូរ​ឯង​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អញ អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្តាល​គេ​នេះ​ឡើយ គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី អ័ប្រា‌ហាំ​ប្រាប់​ថា ចូរ​ឯង​ប្រយ័ត កុំ​ឲ្យ​នាំ​កូន​អញ​ត្រឡប់​ទៅ​ឯ​ណោះ​វិញ​ឡើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​អញ​ចេញ​ពី​ផ្ទះ​ឪពុក​អញ ហើយ​ពី​ស្រុក​កំណើត​របស់​អញ​មក ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អញ ទាំង​ស្បថ​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ព្រះ‌អង្គ​នោះ​ទ្រង់​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​មុន​ឯង ដូច្នេះ ឯង​នឹង​បាន​យក​ប្រពន្ធ​ពី​នោះ​មក​ឲ្យ​កូន​អញ​ហើយ បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ឯង​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​ឯង​ស្បថ​នឹង​អញ​នេះ ប៉ុន្តែ កុំ​ឲ្យ​ឯង​នាំ​កូន​អញ​ទៅ​ឯ​ណោះ​ឡើយ នោះ​បាវ​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​អ័ប្រា‌ហាំ​ចៅហ្វាយ​ខ្លួន ហើយ​ក៏​ស្បថ​នឹង​គាត់​ពី​ដំណើរ​នោះ។ បាវ​នោះ​ក៏​យក​អូដ្ឋ​១០​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន​ចេញ​ទៅ ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ចៅហ្វាយ​គាត់ ក៏​នៅ​ក្រោម​អំណាច​គាត់​ទាំង​អស់ គាត់​ក្រោក​ឡើង​ទៅ​ឯ​ស្រុក​អើរ៉ាម​ដែល​នៅ​កណ្តាល​ទន្លេ​ទាំង​២ គឺ​ដល់​ទី​ក្រុង​របស់​ណាឃរ គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ជិត​អណ្តូង​ទឹក នៅ​ពេល​ល្ងាច គឺ​ជា​ពេល​ដែល​ពួក​ស្រីៗ​ធ្លាប់​ចេញ​មក​ដង​ទឹក រួច​ក៏​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅហ្វាយ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្តា​ដល់​ទូលបង្គំ សូម​សំដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ជា​ចៅហ្វាយ​ទូលបង្គំ​ផង មើល ទូលបង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក នោះ​នាង​ក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅហ្វាយ​ទូលបង្គំ​មែន។ កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ នាង​មាន​រូប​ស្រស់‌បស់​ល្អ​ណាស់ ក៏​នៅ​ក្រមុំ​សុទ្ធ គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ នាង​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន រួច​នាង​ឆ្លើយ​ថា ចាស​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក