លោកុប្បត្តិ 22:9-14
លោកុប្បត្តិ 22:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។ បន្ទាប់មក លោកអ័ប្រាហាំលូកដៃទៅចាប់យកកាំបិត បម្រុងនឹងសម្លាប់កូន។ ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។ លោកអ័ប្រាហាំងើបមុខឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅគុម្ពោតព្រៃខាងក្រោយលោក។ លោកអ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនរបស់លោក។ លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។
លោកុប្បត្តិ 22:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ-កកូនធ្វើយញ្ញបូជា។ ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ»។
លោកុប្បត្តិ 22:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់កន្លែងដែលព្រះបានមានបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន តែទេវតានៃព្រះយេហូវ៉ាមានបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។