លោកុប្បត្តិ 22:15-18

លោកុប្បត្តិ 22:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហៅ​លោក​អ័ប្រា‌ហាំ​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា យើង​ស្បថ​ដោយ​នាម​របស់​យើង ដោយ​អ្នកបាន​ធ្វើ​ដូច្នេះ គឺ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។

លោកុប្បត្តិ 22:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។

លោកុប្បត្តិ 22:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ