លោកុប្បត្តិ 22:14-19

លោកុប្បត្តិ 22:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហៅ​លោក​អ័ប្រា‌ហាំ​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា យើង​ស្បថ​ដោយ​នាម​របស់​យើង ដោយ​អ្នកបាន​ធ្វើ​ដូច្នេះ គឺ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។ បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​រក​ក្មេង​បម្រើ​របស់​លោក​វិញ ហើយ​គេ​ក្រោក​ឡើង ដើរ​ជា‌មួយ​គ្នា​ទៅ​ក្រុង​បៀរ-សេបា រួច​លោក​អ័ប្រា‌ហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ-សេបា​នោះ​ទៅ។

លោកុប្បត្តិ 22:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់»។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ»។ ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។ លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរ‌សេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ‌សេបា​នោះ​ទៅ។

លោកុប្បត្តិ 22:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ នោះ​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។