លោកុប្បត្តិ 22:11-18
លោកុប្បត្តិ 22:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។ លោកអ័ប្រាហាំងើបមុខឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅគុម្ពោតព្រៃខាងក្រោយលោក។ លោកអ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនរបស់លោក។ លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។ ទេវតារបស់ព្រះយេហូវ៉ាក៏ហៅលោកអ័ប្រាហាំពីលើមេឃម្តងទៀតថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
លោកុប្បត្តិ 22:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ»។ ទេវតារបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្ដងទៀតថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
លោកុប្បត្តិ 22:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទេវតានៃព្រះយេហូវ៉ាមានបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។ ទេវតានៃព្រះយេហូវ៉ាទ្រង់ក៏ហៅពីលើមេឃមកអ័ប្រាហាំម្តងទៀត ទ្រង់មានបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ នោះអញនឹងឲ្យពរដល់ឯង ហើយនឹងចំរើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ