លោកុប្បត្តិ 22:1-8
លោកុប្បត្តិ 22:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាក ជាកូនសម្លាញ់តែមួយរបស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ រួចថ្វាយវាជាតង្វាយដុតនៅទីនោះ នៅលើភ្នំមួយដែលយើងនឹងបង្ហាញអ្នក»។ លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចងកែបលា ហើយពុះឧសសម្រាប់តង្វាយដុត រួចយកក្មេងបម្រើពីរនាក់ និងអ៊ីសាកជាកូនទៅជាមួយ ចេញដំណើរទៅកន្លែងដែលព្រះទ្រង់មានព្រះបន្ទូលប្រាប់លោក។ លុះដល់ថ្ងៃទីបី លោកអ័ប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ ពេលនោះ លោកមានប្រសាសន៍ទៅក្មេងបម្រើរបស់លោកថា៖ «ចូរនៅទីនេះជាមួយលាសិន ខ្ញុំនឹងទៅថ្វាយបង្គំជាមួយកូនខ្ញុំនៅទីនោះ រួចយើងនឹងត្រឡប់មករកឯងវិញ»។ លោកអ័ប្រាហាំចាប់យកឧសសម្រាប់តង្វាយដុត ដាក់ឲ្យអ៊ីសាកជាកូនលី ហើយលោកយកភ្លើង និងកាំបិតកាន់នៅដៃ រួចអ្នកទាំងពីរបណ្តើរគ្នាទៅ។ អ៊ីសាកហៅលោកអ័ប្រាហាំជាឪពុកថា៖ «ពុក!» លោកឆ្លើយថា៖ «មានការអីកូន»។ អ៊ីសាកពោលថា៖ «មើល៍ យើងមានភ្លើង មានឧសហើយ ចុះតើកូនចៀមសម្រាប់តង្វាយដុតនៅឯណា?» លោកអ័ប្រាហាំឆ្លើយថា៖ «កូនអើយ កូនចៀមសម្រាប់ជាតង្វាយដុតនោះ ព្រះនឹងផ្គត់ផ្គង់ឲ្យ»។ ដូច្នេះ អ្នកទាំងពីរក៏បណ្ដើរគ្នាដើរទៅមុខទៀត។
លោកុប្បត្តិ 22:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។ លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។ លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឲ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុកទាំងកូនដើរទៅជាមួយគ្នា។ ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។
លោកុប្បត្តិ 22:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចាត់ចែងចងកែបលាខ្លួន ហើយពុះឱសសំរាប់ដង្វាយដុត រួចនាំយកបាវ២នាក់ នឹងអ៊ីសាកជាកូនទៅជាមួយ ក៏ដើរដំរង់ទៅឯកន្លែងដែលព្រះមានបន្ទូលប្រាប់នោះ លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចំងាយ រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ នោះគាត់ចាប់យកឱសដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង នឹងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើងនឹងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះក៏នាំគ្នាទៅទៀត។