លោកុប្បត្តិ 21:8-21

លោកុប្បត្តិ 21:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​អ៊ីសាក​ធំ​ឡើង ហើយ​ត្រូវ​ផ្តាច់​ដោះ លោក​អ័ប្រា‌ហាំ​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំនៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ​នោះ។ ប៉ុន្តែ លោក​ស្រី​សារ៉ា​បាន​ឃើញ​កូន​របស់​នាង​ហាការ​ជា​សាសន៍​អេស៊ីព្ទ ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ សើច​ចំអក​ឲ្យ​អ៊ីសាក​កូន​របស់​លោក​ស្រី ។ ដូច្នេះ លោក​ស្រី​ក៏​ជម្រាប​លោក​អ័ប្រា‌ហាំ​ថា៖ «ចូរ​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​ស្រី​បម្រើ​នេះ​មិន​ត្រូវ​ទទួល​មត៌ក​ជា‌មួយ​អ៊ីសាក​កូន​របស់​ខ្ញុំ​ឡើយ»។ ពាក្យ​នោះ​ធ្វើ​ឲ្យ​លោក​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ព្រោះ​អ៊ីស​ម៉ាអែល​ក៏​ជា​កូន​របស់​លោក​ដែរ។ ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត​ព្រោះ​តែ​ក្មេង​នេះ និង​ស្រី​បម្រើ​របស់​អ្នក​ឡើយ ចូរ​ធ្វើ​តាមពាក្យ​ទាំង​ប៉ុន្មាន​ដែល​សារ៉ា​បាន​ប្រាប់​អ្នក​ចុះ ដ្បិត​ពូជ​អ្នក​នឹង​ត្រូវ​រាប់​តាម​អ៊ីសាក​ទេ។ រីឯ​កូន​របស់​ស្រី​បម្រើ​នោះ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅជា​ជាតិ​សាសន៍​មួយ ព្រោះ​វា​ជា​ពូជ​របស់​អ្នក​ដែរ»។ ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។ ពេល​អស់​ទឹក​ដែល​នៅ​ក្នុង​ថង់​ស្បែក​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ ហើយ​ទៅ​អង្គុយ​ទល់​មុខ​កូន ចម្ងាយ​មួយ​សន្ទុះ​បាញ់​ធ្នូ ដោយ​គិត​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​នឹង​មុខ​ឡើយ»។ ដូច្នេះ កាល​នាង​អង្គុយ​ទល់​មុខ​កូន នាង​ក៏​ឡើង​សំឡេង​ស្រែក​យំ។ ព្រះ‌ទ្រង់​ឮ​សំឡេង​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ​ក៏​ហៅ​នាង​ហាការ​ពី​លើ​មេឃ សួរ​ថា៖ «ហាការ​អើយ តើនាង​មាន​រឿង​អ្វី? កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។ ចូរ​ក្រោក​ឡើង ទៅ​លើក​កូន​មក ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ»។ ពេល​នោះ ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​នាង​ឲ្យ​ឃើញ​អណ្តូង​ទឹក​មួយ នាង​ក៏​ទៅ​ដង​ទឹក​ដាក់​ពេញ​ថង់​ស្បែក រួច​យក​មក​ឲ្យ​កូន​ផឹក។ ព្រះ‌ទ្រង់​គង់​ជា‌មួយ​ក្មេង​នោះ វា​មាន​វ័យ​ចម្រើន​ឡើង ហើយ​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន រួច​ក្លាយ​ជា​អ្នក​ពូកែ​បាញ់​ធ្នូ។ ក្មេង​នេះរស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​បាន​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។

លោកុប្បត្តិ 21:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។ លោក​ស្រី​សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​នាង​ហាការ​ស្ត្រី​សាសន៍​អេស៊ីប បង្កើត​ជូន​លោក​អប្រាហាំ កំពុង​តែ​សើច​លេង គាត់​ជម្រាប​លោក​អប្រាហាំ​ថា៖ «សូម​បណ្ដេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ​ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសាក កូន​របស់​ខ្ញុំ​ឡើយ»។ ពាក្យ​នេះ​ធ្វើ​ឲ្យ​លោក​អប្រាហាំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​លោក​ដែរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។ រីឯ​កូន​ប្រុស​របស់​ស្រី​បម្រើ​នោះ​វិញ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ដ្បិត​វា​ក៏​ជា​ពូជ‌ពង្ស​របស់​អ្នក​ដែរ»។ ស្អែក​ឡើង​លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក ប្រគល់​ឲ្យ​នាង​ហាការ ដោយ​លើក​ដាក់​លើ-ក​នាង។ លោក​ក៏​ប្រគល់​កូន​ទៅ​ឲ្យ​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ នាង​ហាការ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល‌វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរ‌សេបា។ ពេល​អស់​ទឹក​ពី​បំពង់​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ រួច​នាង​ទៅ​អង្គុយ​ដាច់​ឡែក​ពី​កូន ចម្ងាយ​ប្រមាណ​មួយ​សន្ទុះ​ព្រួញ ដ្បិត​នាង​ពោល​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​មុខ​ខ្ញុំ​ឡើយ!»។ ដូច្នេះ នាង​ក៏​អង្គុយ​ដាច់​ឡែក​ពី​កូន ហើយ​ចាប់​ផ្ដើម​ទ្រហោ​យំ។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​របស់​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​នាង​ហាការ​ពី​លើ​មេឃ​មក​ថា៖ «ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។ ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ»។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​ឃើញ​អណ្ដូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​ឲ្យ​កូន​ផឹក។ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ក្មេង​នោះ វា​មាន​វ័យ​ចម្រើន​ឡើង ហើយ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ពូកែ​បាញ់​ធ្នូ។ អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្ដាយ​ក៏​ដណ្ដឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​ភរិយា។

លោកុប្បត្តិ 21:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។ សារ៉ា​ឃើញ​កូន​ដែល​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាន​បង្កើត​ឲ្យ​អ័ប្រា‌ហាំ​វា​សើច​ឡក​ឲ្យ នោះ​នាង​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ចូរ​បណ្តេញ​បាវ​ស្រី​នេះ នឹង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​បាវ​ស្រី​នេះ​មិន​ត្រូវ​ស៊ី​មរដក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ទេ តែ​សេចក្ដី​នោះ​នាំ​ឲ្យ​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ដោយ​ព្រោះ​កូន​គាត់ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ័ប្រា‌ហាំ​ថា កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ ដ្បិត​ពូជ​ឯង​នឹង​បាន​រាប់​ដោយ‌សារ​តែ​អ៊ីសាក​ទេ ឯ​កូន​របស់​បាវ​ស្រី នោះ​គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​ដែរ ព្រោះ​វា​ជា​ពូជ​ឯង នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា ឯ​ទឹក​ក្នុង​ថង់​ស្បែក​ក៏​អស់​ទៅ រួច​នាង​ចោល​កូន​នៅ​ក្រោម​ដើម​ឈើ​តូច​១ ហើយ​ថយ​ទៅ​អង្គុយ​ប្រឈម‌មុខ​នឹង​វា ចំងាយ​ទី​១​ជួរ​ធ្នូ ដោយ​គិត​ថា កុំ​ឲ្យ​អញ​ឃើញ​កូន​ស្លាប់​ឡើយ ដូច្នេះ នាង​ក៏​អង្គុយ​ប្រឈម‌មុខ​នឹង​កូន ស្រែក​យំ​ឡើង ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ ហើយ​ទេវតា​នៃ​ព្រះ​ក៏​ហៅ​ហាការ​ពី​លើ​មេឃ​សួរ​ថា វា​ថ្វី ហាការ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ព្រះ‌ទ្រង់​បាន​ឮ​សំឡេង​របស់​កូន​ជំទង់​ពី​កន្លែង​វា​ហើយ ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​មក ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​វា​ត្រឡប់​ជា​សាសន៍១​យ៉ាង​ធំ រួច​ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​ហាការ​ឲ្យ​ឃើញ​អណ្តូង​ទឹក​១ នាង​ក៏​ទៅ​ដង​ដាក់​ពេញ​ថង់​ស្បែក​យក​មក​ឲ្យ​កូន​ផឹក ព្រះ‌ទ្រង់​ក៏​គង់​ជា​មួយ​នឹង​កូន​ជំទង់​នោះ វា​កាន់​តែ​ធំ​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ក៏​បាន​ត្រឡប់​ជា​អ្នក​ប្រមាញ់​ធ្នូ វា​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​នាំ​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។