លោកុប្បត្តិ 21:8-14
លោកុប្បត្តិ 21:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះអ៊ីសាកធំឡើង ហើយត្រូវផ្តាច់ដោះ លោកអ័ប្រាហាំក៏រៀបចំពិធីជប់លៀងមួយយ៉ាងធំនៅថ្ងៃដែលផ្តាច់ដោះនោះ។ ប៉ុន្តែ លោកស្រីសារ៉ាបានឃើញកូនរបស់នាងហាការជាសាសន៍អេស៊ីព្ទ ដែលនាងបានបង្កើតឲ្យលោកអ័ប្រាហាំ សើចចំអកឲ្យអ៊ីសាកកូនរបស់លោកស្រី ។ ដូច្នេះ លោកស្រីក៏ជម្រាបលោកអ័ប្រាហាំថា៖ «ចូរបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្រីបម្រើនេះមិនត្រូវទទួលមត៌កជាមួយអ៊ីសាកកូនរបស់ខ្ញុំឡើយ»។ ពាក្យនោះធ្វើឲ្យលោកអ័ប្រាហាំពិបាកចិត្តណាស់ ព្រោះអ៊ីសម៉ាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «កុំពិបាកចិត្តព្រោះតែក្មេងនេះ និងស្រីបម្រើរបស់អ្នកឡើយ ចូរធ្វើតាមពាក្យទាំងប៉ុន្មានដែលសារ៉ាបានប្រាប់អ្នកចុះ ដ្បិតពូជអ្នកនឹងត្រូវរាប់តាមអ៊ីសាកទេ។ រីឯកូនរបស់ស្រីបម្រើនោះ យើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ»។ ដូច្នេះ លោកអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យនាងហាការ ដោយដាក់លើស្មានាង ព្រមទាំងកូនរបស់នាងដែរ រួចប្រាប់ឲ្យនាងចេញទៅ។ នាងក៏ចាកចេញ ហើយវិលវល់ចុះឡើងក្នុងទីរហោស្ថានក្បែរក្រុងបៀរសេបា។
លោកុប្បត្តិ 21:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។ លោកស្រីសារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលនាងហាការស្ត្រីសាសន៍អេស៊ីប បង្កើតជូនលោកអប្រាហាំ កំពុងតែសើចលេង គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្ដេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។ ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។ រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។ ស្អែកឡើងលោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ-កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
លោកុប្បត្តិ 21:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។ សារ៉ាឃើញកូនដែលហាការជាសាសន៍អេស៊ីព្ទបានបង្កើតឲ្យអ័ប្រាហាំវាសើចឡកឲ្យ នោះនាងនិយាយនឹងអ័ប្រាហាំថា ចូរបណ្តេញបាវស្រីនេះ នឹងកូនវាចេញទៅ ដ្បិតកូនរបស់បាវស្រីនេះមិនត្រូវស៊ីមរដកជាមួយនឹងអ៊ីសាកកូនខ្ញុំទេ តែសេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់ រួចព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា