លោកុប្បត្តិ 21:1-8

លោកុប្បត្តិ 21:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រណី​លោក​ស្រី​សារ៉ា ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​លោក​ស្រី​សារ៉ា ដូច​ព្រះ‌អង្គ​បាន​សន្យា។ លោក​ស្រី​សារ៉ា​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់ ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះ‌អង្គ​បាន​ប្រាប់​លោក។ លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​នោះ​ថា "អ៊ីសាក"។ ពេល​អ៊ីសាក​កើត​មក​បាន​ប្រាំបី​ថ្ងៃ លោក​អ័ប្រា‌ហាំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដូច​ព្រះ‌ទ្រង់​បាន​បង្គាប់​លោក។ ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អ័ប្រា‌ហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ។ លោក​ស្រី​សារ៉ា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សំណើច ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជា‌មួយ​ខ្ញុំ​ដែរ»។ លោក​ស្រី​ពោល​ទៀត​ថា៖ «តើ​អ្នក​ណា​បាន​នឹក​ភ្នក​និយាយ​ទៅ​លោក​អ័ប្រា‌ហាំ​ថា "លោក​ស្រី​សារ៉ា​នឹង​បំបៅ​កូន?" តែ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់​ហើយ»។ លុះ​អ៊ីសាក​ធំ​ឡើង ហើយ​ត្រូវ​ផ្តាច់​ដោះ លោក​អ័ប្រា‌ហាំ​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំនៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ​នោះ។

លោកុប្បត្តិ 21:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​សារ៉ា ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក គឺ​ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ លោក​ស្រី​សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អប្រាហាំ ក្នុង​ពេល​លោក​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។ លោក​ដាក់​ឈ្មោះ​កូន​ដែល​កើត​មក​នោះ គឺ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ជូន​លោក​ថា “អ៊ីសាក”។ ពេល​អ៊ីសាក​ជា​កូន​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់។ ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អប្រាហាំ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។ ពេល​នោះ លោក​ស្រី​សារ៉ា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។ គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​លោក​អប្រាហាំ​ថា “ថ្ងៃ​មួយ អ្នក​សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក ក្នុង​គ្រា​ដែល​លោក​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។ លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។

លោកុប្បត្តិ 21:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ដល់​សារ៉ា ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល គឺ​ទ្រង់​ធ្វើ​សំរេច​ឲ្យ​សារ៉ា តាម​ដែល​ទ្រង់​សន្យា សារ៉ា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ ត្រូវ​តាម​ពេល​កំណត់​ដែល​ទ្រង់​បាន​ប្រាប់​គាត់ អ័ប្រា‌ហាំ​គាត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​សារ៉ា​បាន​បង្កើត​នោះ​ថា អ៊ីសាក លុះ​កើត​មក​បាន​៨​ថ្ងៃ នោះ​អ័ប្រា‌ហាំ​ក៏​កាត់​ស្បែក​ឲ្យ ដូច​ជា​ព្រះ‌ទ្រង់​បង្គាប់​មក អ័ប្រា‌ហាំ​អាយុ​បាន​១០០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​អ៊ីសាក​កូន​គាត់​កើត​មក។ សារ៉ា​និយាយ​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​សើច ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជា​មួយ​នឹង​អញ​ដែរ នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។ ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។