លោកុប្បត្តិ 21:1-21
លោកុប្បត្តិ 21:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានប្រោសប្រណីលោកស្រីសារ៉ា ដូចព្រះអង្គបានមានព្រះបន្ទូល គឺព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះលោកស្រីសារ៉ា ដូចព្រះអង្គបានសន្យា។ លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។ លោកអ័ប្រាហាំដាក់ឈ្មោះឲ្យកូនដែលលោកស្រីសារ៉ាបានបង្កើតឲ្យលោកនោះថា "អ៊ីសាក"។ ពេលអ៊ីសាកកើតមកបានប្រាំបីថ្ងៃ លោកអ័ប្រាហាំបានធ្វើពិធីកាត់ស្បែកឲ្យ ដូចព្រះទ្រង់បានបង្គាប់លោក។ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអ័ប្រាហាំមានអាយុមួយរយឆ្នាំហើយ។ លោកស្រីសារ៉ាពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំអស់សំណើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយខ្ញុំដែរ»។ លោកស្រីពោលទៀតថា៖ «តើអ្នកណាបាននឹកភ្នកនិយាយទៅលោកអ័ប្រាហាំថា "លោកស្រីសារ៉ានឹងបំបៅកូន?" តែខ្ញុំបានបង្កើតកូនប្រុសមួយឲ្យលោក ក្នុងកាលដែលលោកមានវ័យចាស់ហើយ»។ លុះអ៊ីសាកធំឡើង ហើយត្រូវផ្តាច់ដោះ លោកអ័ប្រាហាំក៏រៀបចំពិធីជប់លៀងមួយយ៉ាងធំនៅថ្ងៃដែលផ្តាច់ដោះនោះ។ ប៉ុន្តែ លោកស្រីសារ៉ាបានឃើញកូនរបស់នាងហាការជាសាសន៍អេស៊ីព្ទ ដែលនាងបានបង្កើតឲ្យលោកអ័ប្រាហាំ សើចចំអកឲ្យអ៊ីសាកកូនរបស់លោកស្រី ។ ដូច្នេះ លោកស្រីក៏ជម្រាបលោកអ័ប្រាហាំថា៖ «ចូរបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្រីបម្រើនេះមិនត្រូវទទួលមត៌កជាមួយអ៊ីសាកកូនរបស់ខ្ញុំឡើយ»។ ពាក្យនោះធ្វើឲ្យលោកអ័ប្រាហាំពិបាកចិត្តណាស់ ព្រោះអ៊ីសម៉ាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «កុំពិបាកចិត្តព្រោះតែក្មេងនេះ និងស្រីបម្រើរបស់អ្នកឡើយ ចូរធ្វើតាមពាក្យទាំងប៉ុន្មានដែលសារ៉ាបានប្រាប់អ្នកចុះ ដ្បិតពូជអ្នកនឹងត្រូវរាប់តាមអ៊ីសាកទេ។ រីឯកូនរបស់ស្រីបម្រើនោះ យើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ»។ ដូច្នេះ លោកអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យនាងហាការ ដោយដាក់លើស្មានាង ព្រមទាំងកូនរបស់នាងដែរ រួចប្រាប់ឲ្យនាងចេញទៅ។ នាងក៏ចាកចេញ ហើយវិលវល់ចុះឡើងក្នុងទីរហោស្ថានក្បែរក្រុងបៀរសេបា។ ពេលអស់ទឹកដែលនៅក្នុងថង់ស្បែកហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ ហើយទៅអង្គុយទល់មុខកូន ចម្ងាយមួយសន្ទុះបាញ់ធ្នូ ដោយគិតថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខឡើយ»។ ដូច្នេះ កាលនាងអង្គុយទល់មុខកូន នាងក៏ឡើងសំឡេងស្រែកយំ។ ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ ចូរក្រោកឡើង ទៅលើកកូនមក ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយដ៏ធំ»។ ពេលនោះ ព្រះទ្រង់បំភ្លឺភ្នែកនាងឲ្យឃើញអណ្តូងទឹកមួយ នាងក៏ទៅដងទឹកដាក់ពេញថង់ស្បែក រួចយកមកឲ្យកូនផឹក។ ព្រះទ្រង់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅក្នុងទីរហោស្ថាន រួចក្លាយជាអ្នកពូកែបាញ់ធ្នូ។ ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
លោកុប្បត្តិ 21:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ លោកស្រីសារ៉ាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ក្នុងពេលលោកមានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោក។ លោកដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលលោកស្រីសារ៉ាបានបង្កើតជូនលោកថា “អ៊ីសាក”។ ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។ ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅលោកអប្រាហាំថា “ថ្ងៃមួយ អ្នកសារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនលោក ក្នុងគ្រាដែលលោកមានវ័យចាស់ណាស់ទៅហើយ»។ លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។ លោកស្រីសារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលនាងហាការស្ត្រីសាសន៍អេស៊ីប បង្កើតជូនលោកអប្រាហាំ កំពុងតែសើចលេង គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្ដេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។ ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។ រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។ ស្អែកឡើងលោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ-កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។ ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។ ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។ ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។ អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្ដាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
លោកុប្បត្តិ 21:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានបន្ទូល គឺទ្រង់ធ្វើសំរេចឲ្យសារ៉ា តាមដែលទ្រង់សន្យា សារ៉ាមានទំងន់បង្កើតបានកូនប្រុស១ឲ្យអ័ប្រាហាំ ក្នុងកាលដែលគាត់ចាស់ហើយ ត្រូវតាមពេលកំណត់ដែលទ្រង់បានប្រាប់គាត់ អ័ប្រាហាំគាត់ដាក់ឈ្មោះឲ្យកូនដែលសារ៉ាបានបង្កើតនោះថា អ៊ីសាក លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយ ក្នុងកាលដែលអ៊ីសាកកូនគាត់កើតមក។ សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។ ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។ សារ៉ាឃើញកូនដែលហាការជាសាសន៍អេស៊ីព្ទបានបង្កើតឲ្យអ័ប្រាហាំវាសើចឡកឲ្យ នោះនាងនិយាយនឹងអ័ប្រាហាំថា ចូរបណ្តេញបាវស្រីនេះ នឹងកូនវាចេញទៅ ដ្បិតកូនរបស់បាវស្រីនេះមិនត្រូវស៊ីមរដកជាមួយនឹងអ៊ីសាកកូនខ្ញុំទេ តែសេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់ រួចព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា ឯទឹកក្នុងថង់ស្បែកក៏អស់ទៅ រួចនាងចោលកូននៅក្រោមដើមឈើតូច១ ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចំងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ ចូរក្រោកឡើងទៅលើកកូនមក ដ្បិតអញនឹងធ្វើឲ្យវាត្រឡប់ជាសាសន៍១យ៉ាងធំ រួចព្រះទ្រង់បំភ្លឺភ្នែកហាការឲ្យឃើញអណ្តូងទឹក១ នាងក៏ទៅដងដាក់ពេញថង់ស្បែកយកមកឲ្យកូនផឹក ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ វាអាស្រ័យនៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយក៏នាំយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទមកឲ្យធ្វើជាប្រពន្ធ។