លោកុប្បត្តិ 20:2-18
លោកុប្បត្តិ 20:2-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ័ប្រាហាំតែងប្រាប់គេថា «នាងប្អូនស្រីខ្ញុំ»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្ដេចក្រុងកេរ៉ា បានចាត់គេឲ្យទៅនាំយកលោកស្រីសារ៉ាមក។ ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។ ព្រះបាទអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតលោកស្រីសារ៉ាទេ។ ស្ដេចទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើព្រះអង្គនឹងបំផ្លាញសាសន៍មួយដែលគ្មានទោសដែរឬ? តើបុរសនោះមិនបានប្រាប់ទូលបង្គំថា "នាងជាប្អូនខ្ញុំ"ទេឬ? ហើយនាងខ្លួនឯងផ្ទាល់ក៏និយាយដែរថា "គាត់ជាបងប្រុសខ្ញុំ"។ ដូច្នេះ ទូលបង្គំធ្វើការនេះដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។ ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកស្ដេចថា៖ «មែន យើងដឹងហើយថា អ្នកធ្វើការនេះដោយចិត្តស្អាតស្អំ ហើយយើងក៏បានឃាត់មិនឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ ហេតុនេះហើយបានជាយើងមិនឲ្យអ្នកប៉ះពាល់នាង។ ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់គេឲ្យទៅគេវិញ ដ្បិតគាត់ជាហោរា គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់នៅ។ ប៉ុន្ដែ ប្រសិនបើអ្នកមិនប្រគល់នាងឲ្យទៅគេវិញទេ ត្រូវដឹងថា អ្នកនឹងស្លាប់ជាប្រាកដ រួមទាំងអ្នក និងញាតិវង្សទាំងអស់របស់អ្នកទៀតផង»។ ព្រះបាទអ័ប៊ីម៉្មាឡិចក្រោកឡើងពីព្រលឹម ទ្រង់ហៅអ្នកបម្រើរបស់ស្ដេចទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍ទាំងអស់នោះឲ្យគេដឹង។ អ្នកទាំងនោះមានការភ័យខ្លាចជាខ្លាំង។ ពេលនោះ ព្រះបាទអ័ប៊ីម៉្មាឡិចហៅលោកអ័ប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំឲ្យខ្ញុំ និងនគររបស់ខ្ញុំមានអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកបានប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ»។ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការទៅលោកអ័ប្រាហាំថា៖ «តើអ្នកយល់ឃើញដូចម្តេចបានជាអ្នកប្រព្រឹត្តដូច្នេះ?» លោកអ័ប្រាហាំតបថា៖ «ព្រោះទូលបង្គំនឹកគិតថា នៅទីនេះប្រហែលជាគ្មានការកោតខ្លាចព្រះទេមើលទៅ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែប្រពន្ធទូលបង្គំមិនខាន។ មួយទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន គឺជាកូនស្រីរបស់ឪពុកទូលបង្គំ តែមិនមែនពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកនាងធ្វើជាប្រពន្ធ។ កាលព្រះបាននាំទូលបង្គំចាកចេញពីក្រុមគ្រួសារឪពុករបស់ទូលបង្គំមក ទូលបង្គំបាននិយាយប្រាប់នាងថា "សុំអូនអាណិតដល់បងយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ ត្រូវនិយាយពីបងថា គាត់ជាបងប្រុសខ្ញុំ"»។ ព្រះបាទអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀម ហ្វូងគោ និងបាវបម្រើប្រុសស្រី មកជូនលោកអ័ប្រាហាំ ព្រមទាំងប្រគល់លោកស្រីសារ៉ាជាប្រពន្ធ ជូនលោកវិញ។ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «មើល៍! ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូររស់នៅកន្លែងណាតាមតែអ្នកពេញចិត្តចុះ»។ ស្ដេចក៏មានរាជឱង្ការទៅលោកស្រីសារ៉ាថា៖ «មើល៍ ខ្ញុំបានប្រគល់ប្រាក់សុទ្ធមួយពាន់ស្លឹងដល់បងប្រុសរបស់នាង ទុកជាសម្គាល់នៅចំពោះភ្នែកអស់អ្នកដែលនៅជាមួយនាងថា នាងមិនបានបាត់បង់កិត្តិយសទេ»។ ពេលនោះ លោកអ័ប្រាហាំអធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសព្រះបាទអ័ប៊ីម៉្មាឡិចឲ្យបានជា ព្រមទាំងភរិយា និងពួកអ្នកម្នាងរបស់ព្រះអង្គ ដើម្បីឲ្យពួកនាងមានកូនតទៅទៀត។ ដ្បិតព្រះយេហូវ៉ាបានបង្ខាំងអស់ទាំងផ្ទៃនៃរាជវង្សរបស់ព្រះបាទអ័ប៊ីម៉្មាឡិចទាំងមូល ព្រោះតែលោកស្រីសារ៉ា ជាប្រពន្ធរបស់លោកអ័ប្រាហាំ។
លោកុប្បត្តិ 20:2-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ាជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។ ពេលនោះ ព្រះជាម្ចាស់យាងមកជួបស្ដេចអប៊ីម៉ាឡិច ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្ដីហើយ»។ ព្រះបាទអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្ដេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? បុរសនោះទេតើដែលបានប្រាប់ទូលបង្គំថា“នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ទូលបង្គំថា“គាត់ត្រូវជាបងខ្ញុំ”ដែរ។ ទូលបង្គំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះ ដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្ដោយឲ្យអ្នកប៉ះពាល់នាងឡើយ។ ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការីមួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។ ព្រះបាទអប៊ីម៉ាឡិចក្រោកឡើងពីព្រលឹម ស្ដេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្ដេចព្រឺខ្លាចជាខ្លាំង។ ព្រះបាទអប៊ីម៉ាឡិចហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្ដេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ លោកអប្រាហាំតបថា៖ «ទូលបង្គំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចព្រះជាម្ចាស់ទេមើលទៅ គេមុខជាប្រហារជីវិតទូលបង្គំ ព្រោះតែប្រពន្ធទូលបង្គំមិនខាន។ មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្ដាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។ នៅពេលព្រះជាម្ចាស់នាំទូលបង្គំចាកចេញឆ្ងាយពីញាតិសន្ដានរបស់ទូលបង្គំ ទូលបង្គំបានប្រាប់នាងសារ៉ាថា “នៅទីណាដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។ ព្រះបាទអប៊ីម៉ាឡិចបានយកចៀម យកគោពីក្នុងហ្វូងសត្វរបស់ស្ដេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនលោកអប្រាហាំ ហើយក៏បានប្រគល់លោកស្រីសារ៉ាជូនលោកវិញដែរ។ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។ ព្រះអង្គមានរាជឱង្ការទៅកាន់លោកស្រីសារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។ លោកអប្រាហាំបានទូលអង្វរព្រះជាម្ចាស់ សូមមេត្តាប្រោសព្រះបាទអប៊ីម៉ាឡិច ព្រមទាំងមហេសី និងពួកស្រីស្នំរបស់ព្រះអង្គ ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន ដ្បិតព្រះអម្ចាស់បានធ្វើឲ្យស្ត្រីៗ ក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែលោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំ។
លោកុប្បត្តិ 20:2-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ តែអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតសារ៉ាសោះ ក៏ទូលសួរថា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងបំផ្លាញទាំងនគរសុចរិតដែរឬអី តើគាត់មិនបានប្រាប់ទូលបង្គំថា នាងជាប្អូនទេឬអី ហើយនាងក៏និយាយដែរថា គាត់ជាបងខ្ញុំ ដូច្នេះ ទូលបង្គំបានធ្វើការនេះដោយទៀងត្រង់ទេ ហើយដោយដៃស្អាតផង ក្នុងសប្តិនោះ ព្រះទ្រង់មានបន្ទូលទៅថា អញដឹងហើយថា ឯងបានធ្វើការនេះដោយទៀងត្រង់ ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។ អ័ប៊ីម៉្មាឡិចក៏ក្រោកពីព្រលឹម ទៅហៅពួកបំរើទ្រង់ទាំងអស់មក ប្រាប់សេចក្ដីទាំងនោះដល់ត្រចៀកគេ គេក៏មានសេចក្ដីភ័យស្លុតទាំងអស់គ្នា រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនឹងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្ដីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោល ដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែ មិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ នឹងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង រួចអ័ប៊ីម៉្មាឡិចមានបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ ហើយទ្រង់ក៏មានបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សំរាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត ពីព្រោះព្រះយេហូវ៉ាទ្រង់បានបង្ខាំងពោះនៃពួកដំណាក់អ័ប៊ីម៉្មាឡិច ដោយព្រោះសារ៉ាជាប្រពន្ធអ័ប្រាហាំ។