លោកុប្បត្តិ 2:8-14
លោកុប្បត្តិ 2:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើឲ្យដីដុះគ្រប់ដើមឈើទាំងអស់ ដែលគួរជាទីពេញចិត្ត ហើយសម្រាប់ជាអាហារផង ក៏មានដើមឈើជីវិត និងដើមឈើដឹងខុសត្រូវ នៅកណ្ដាលសួនច្បារនោះដែរ។ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនច្បារ ហើយហូរបែកពីទីនោះ ចេញទៅជាបួន។ ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស ហើយមាសដែលមកពីស្រុកនោះ មានគុណភាពល្អ មានទាំងជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ទន្លេទីពីរឈ្មោះ គីហុន ជាទន្លេដែលហូរព័ទ្ធស្រុកគូសទាំងមូល។ ទន្លេទីបីឈ្មោះ ហ៊ីដេកែល ជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ។ ទន្លេទីបួនឈ្មោះ អ៊ើប្រាត។
លោកុប្បត្តិ 2:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្សដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ ព្រះជាអម្ចាស់បានធ្វើឲ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឲ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្ដល់ជីវិត និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ដែរ។ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះក៏បែកចេញជាបួន។ ដៃទន្លេទីមួយឈ្មោះ ពីសុន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស។ មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ទន្លេទីពីរឈ្មោះគីហូន ជាទន្លេដែលហូរព័ទ្ធស្រុកគូស។ ទន្លេទីបីឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះអឺប្រាត។
លោកុប្បត្តិ 2:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង ក៏ដាំដើមជីវិតនឹងដើមសំរាប់ដឹងខុសត្រូវ នៅកណ្តាលសួនច្បារនោះដែរ មានទន្លេ១ហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះ រួចហូរបែកពីនោះទៅជា៤មុខ ទី១ឈ្មោះពិសុន គឺជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាដែលមានមាស មាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម នឹងត្បូងអូនីក្សផង ទី២ឈ្មោះគីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស ទី៣ឈ្មោះហ៊ីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ ហើយទន្លេទី៤ឈ្មោះអ៊ើប្រាត