លោកុប្បត្តិ 2:7-9

លោកុប្បត្តិ 2:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​ដើម​ឈើ​ទាំង​អស់ ដែល​គួរ​ជា​ទី​ពេញ​ចិត្ត ហើយ​សម្រាប់​ជា​អាហារ​ផង ក៏​មាន​ដើម​ឈើ​ជីវិត និង​ដើម​ឈើ​ដឹង​ខុស​ត្រូវ នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ដែរ។

លោកុប្បត្តិ 2:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឲ្យ​ទាក់‌ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ដែរ។

លោកុប្បត្តិ 2:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​សួន‌ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច‌ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង ក៏​ដាំ​ដើម​ជីវិតនឹង​ដើម​សំរាប់​ដឹង​ខុសត្រូវ នៅ​កណ្តាល​សួន‌ច្បារ​នោះ​ដែរ