លោកុប្បត្តិ 2:4-9

លោកុប្បត្តិ 2:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ ផែន‌ដី​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​ទីវាល​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ភ្ជួរ​រាស់​ដី​ដែរ តែ​មាន​ទឹក​ផុស ចេញ​ពី​ដី​មក​ស្រោច‌ស្រព​លើ​ផែន‌ដី​ទាំង​មូល។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​ដើម​ឈើ​ទាំង​អស់ ដែល​គួរ​ជា​ទី​ពេញ​ចិត្ត ហើយ​សម្រាប់​ជា​អាហារ​ផង ក៏​មាន​ដើម​ឈើ​ជីវិត និង​ដើម​ឈើ​ដឹង​ខុស​ត្រូវ នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ដែរ។

លោកុប្បត្តិ 2:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក។ ពេល​ព្រះ‌ជា‌អម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។ ប៉ុន្តែ មាន​ទឹក​ហូរ​ចេញ​ពី​ដី​មក​ស្រោច​ស្រព​ផ្ទៃ​ដី​ទាំង​មូល។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឲ្យ​ទាក់‌ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ដែរ។

លោកុប្បត្តិ 2:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃនឹងផែនដី ក្នុង​កាល​ដែល​បាន​កើត​មក គឺ​នៅ​វេលា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ធ្វើ​ផែនដី នឹង​ផ្ទៃ​មេឃ​នោះ​ឯង រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​វាល​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​សោះ ហើយ​ក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ‌រាស់​ដី​ផង គ្រាន់​តែ​មាន​ចំហាយ​ឡើង​ពី​ដី​មក​ស្រោច‌ស្រប់​លើ​ផែនដី​ប៉ុណ្ណោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​សួន‌ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច‌ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង ក៏​ដាំ​ដើម​ជីវិតនឹង​ដើម​សំរាប់​ដឹង​ខុសត្រូវ នៅ​កណ្តាល​សួន‌ច្បារ​នោះ​ដែរ