លោកុប្បត្តិ 2:4-19
លោកុប្បត្តិ 2:4-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះបានបង្កើត។ នៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដី និងផ្ទៃមេឃ ផែនដីមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅទីវាលដែរ ព្រោះព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សណាភ្ជួររាស់ដីដែរ តែមានទឹកផុស ចេញពីដីមកស្រោចស្រពលើផែនដីទាំងមូល។ ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។ រួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើឲ្យដីដុះគ្រប់ដើមឈើទាំងអស់ ដែលគួរជាទីពេញចិត្ត ហើយសម្រាប់ជាអាហារផង ក៏មានដើមឈើជីវិត និងដើមឈើដឹងខុសត្រូវ នៅកណ្ដាលសួនច្បារនោះដែរ។ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនច្បារ ហើយហូរបែកពីទីនោះ ចេញទៅជាបួន។ ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស ហើយមាសដែលមកពីស្រុកនោះ មានគុណភាពល្អ មានទាំងជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ទន្លេទីពីរឈ្មោះ គីហុន ជាទន្លេដែលហូរព័ទ្ធស្រុកគូសទាំងមូល។ ទន្លេទីបីឈ្មោះ ហ៊ីដេកែល ជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ។ ទន្លេទីបួនឈ្មោះ អ៊ើប្រាត។ ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «ដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា»។ ព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វហើរទាំងប៉ុន្មាន រួចក៏យកមកឲ្យមនុស្ស ដើម្បីឲ្យដឹងថាគាត់ហៅដូចម្តេច ហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យ។
លោកុប្បត្តិ 2:4-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។ ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។ ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។ ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្សដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ ព្រះជាអម្ចាស់បានធ្វើឲ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឲ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្ដល់ជីវិត និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ដែរ។ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះក៏បែកចេញជាបួន។ ដៃទន្លេទីមួយឈ្មោះ ពីសុន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស។ មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ទន្លេទីពីរឈ្មោះគីហូន ជាទន្លេដែលហូរព័ទ្ធស្រុកគូស។ ទន្លេទីបីឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះអឺប្រាត។ ព្រះជាអម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន តែមិនត្រូវបរិភោគផ្លែឈើពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។ ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះទ្រង់ចង់ជ្រាបថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឲ្យ។
លោកុប្បត្តិ 2:4-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះហើយជាដើមកំណើតនៃផ្ទៃមេឃនឹងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី នឹងផ្ទៃមេឃនោះឯង រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់លើផែនដីប៉ុណ្ណោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង ក៏ដាំដើមជីវិតនឹងដើមសំរាប់ដឹងខុសត្រូវ នៅកណ្តាលសួនច្បារនោះដែរ មានទន្លេ១ហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះ រួចហូរបែកពីនោះទៅជា៤មុខ ទី១ឈ្មោះពិសុន គឺជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាដែលមានមាស មាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម នឹងត្បូងអូនីក្សផង ទី២ឈ្មោះគីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស ទី៣ឈ្មោះហ៊ីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ ហើយទន្លេទី៤ឈ្មោះអ៊ើប្រាត ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង៤ នឹងសត្វហើរទាំងប៉ុន្មាន រួចក៏នាំមកឯអ័ដាម ដើម្បីឲ្យដឹងជាគាត់នឹងហៅយ៉ាងដូចម្តេច ឯឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសំរេចជាឈ្មោះរបស់សត្វនោះឯង