លោកុប្បត្តិ 2:21-25

លោកុប្បត្តិ 2:21-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ដេក​លក់ រួច​ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​របស់​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ ហើយ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​បុរស​មក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ស្ត្រី ហើយ​ក៏​នាំ​នាង​មក​ជួប​បុរសនោះ។ បុរស​នោះក៏​ពោល​ឡើង​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ដែល​កើត​ចេញ​ពី​ឆ្អឹង​អញ ហើយ​ជា​សាច់​ដែល​កើត​ចេញ​ពី​សាច់អញ ត្រូវ​ហៅនាង​ថា "ស្ត្រី " ព្រោះ​បាន​យក​ចេញ​ពី​បុរស មក»។ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវចាក​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​ជា‌មួយ​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​សាច់​តែ​មួយ ។ រី​ឯ​បុរស និង​ប្រពន្ធ​របស់​គាត់​នៅខ្លួន​ទទេ ឥត​អៀន​ខ្មាស​ឡើយ។

លោកុប្បត្តិ 2:21-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់‌លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។ ព្រះ‌ជា‌អម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។ បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។ ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។ ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

លោកុប្បត្តិ 2:21-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ រីឯ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​អ័ដាម​មក នោះ​ទ្រង់​ជប​ឲ្យ​កើត​ឡើង​ជា​មនុស្ស​ស្រី ក៏​នាំ​ទៅ​អ័ដាម អ័ដាម​ក៏​ថា នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ នឹង​ត្រូវ​ហៅ​ថា «ស្ត្រី» ពី​ព្រោះ​បាន​យក​ចេញ​ពី​បុរស​មក ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ រីឯ​អ័ដាម នឹង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទទេ ឥត​មាន​សេចក្ដី​អៀន‌ខ្មាស​ឡើយ។