លោកុប្បត្តិ 2:20-23
លោកុប្បត្តិ 2:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែសម្រាប់អ័ដាម មិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ។ ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបុរសមក ព្រះអង្គបានធ្វើឲ្យទៅជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ បុរសនោះក៏ពោលឡើងថា៖ «នេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញ ហើយជាសាច់ដែលកើតចេញពីសាច់អញ ត្រូវហៅនាងថា "ស្ត្រី " ព្រោះបានយកចេញពីបុរស មក»។
លោកុប្បត្តិ 2:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះពិតជាឆ្អឹង ដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញពីបុរសមក»។
លោកុប្បត្តិ 2:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ័ដាមដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ នឹងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែមិនឃើញមានជំនួយណាសំរាប់ឲ្យជួយគាត់សោះ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក