លោកុប្បត្តិ 2:19-23
លោកុប្បត្តិ 2:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វហើរទាំងប៉ុន្មាន រួចក៏យកមកឲ្យមនុស្ស ដើម្បីឲ្យដឹងថាគាត់ហៅដូចម្តេច ហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យ។ មនុស្សបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែសម្រាប់អ័ដាម មិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ។ ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបុរសមក ព្រះអង្គបានធ្វើឲ្យទៅជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ បុរសនោះក៏ពោលឡើងថា៖ «នេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញ ហើយជាសាច់ដែលកើតចេញពីសាច់អញ ត្រូវហៅនាងថា "ស្ត្រី " ព្រោះបានយកចេញពីបុរស មក»។
លោកុប្បត្តិ 2:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះទ្រង់ចង់ជ្រាបថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឲ្យ។ មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះពិតជាឆ្អឹង ដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញពីបុរសមក»។
លោកុប្បត្តិ 2:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង៤ នឹងសត្វហើរទាំងប៉ុន្មាន រួចក៏នាំមកឯអ័ដាម ដើម្បីឲ្យដឹងជាគាត់នឹងហៅយ៉ាងដូចម្តេច ឯឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសំរេចជាឈ្មោះរបស់សត្វនោះឯង អ័ដាមដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ នឹងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែមិនឃើញមានជំនួយណាសំរាប់ឲ្យជួយគាត់សោះ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក