លោកុប្បត្តិ 2:1-5

លោកុប្បត្តិ 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ផ្ទៃ​មេឃ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​នៅលើ​មេឃ ផែន​ដី​ក៏​បានចប់​សព្វ​គ្រប់។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះ‌ទ្រង់​បាន​បញ្ចប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ព្រះ‌អង្គ​ក៏​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ថ្ងៃ​ទី​ប្រាំពីរ ហើយ​ញែក​ថ្ងៃ​នោះ​ជា​បរិសុទ្ធ ព្រោះ​នៅ​ថ្ងៃ​នោះ ព្រះ​បាន​ឈប់​សម្រាក​ពី​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​បង្កើត។ នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ ផែន‌ដី​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​ទីវាល​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ភ្ជួរ​រាស់​ដី​ដែរ

លោកុប្បត្តិ 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី​ចប់​សព្វ​គ្រប់​ហើយ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះអង្គ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ‌ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​វិសុទ្ធ* ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។ នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក។ ពេល​ព្រះ‌ជា‌អម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។

លោកុប្បត្តិ 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះផ្ទៃ​មេឃនឹង​ផែនដី​ក៏​បាន​រួច​ជា​ស្រេច ព្រម​ទាំង​របស់​សព្វ​សារពើ​ផង លុះ​ដល់​ថ្ងៃ​ទី​៧ ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជា​ស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សំរាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ។ នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃនឹងផែនដី ក្នុង​កាល​ដែល​បាន​កើត​មក គឺ​នៅ​វេលា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ធ្វើ​ផែនដី នឹង​ផ្ទៃ​មេឃ​នោះ​ឯង រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​វាល​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​សោះ ហើយ​ក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ‌រាស់​ដី​ផង