លោកុប្បត្តិ 17:5-8

លោកុប្បត្តិ 17:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា "អាប់‌រ៉ាម" ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា "អ័ប្រា‌ហាំ" វិញ ដ្បិត​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ យើង​នឹងធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។

លោកុប្បត្តិ 17:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។

លោកុប្បត្តិ 17:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា អាប់រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ័ប្រា‌ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​សុស‌សាយ​សន្ធឹក ឲ្យ​មាន​នគរ​ផ្សេងៗ​កើត​ចេញ​អំពី​ឯង​មក ព្រម​ទាំង​ស្តេច​ជា​ច្រើន​ដែរ អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​ដំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង នឹង​ពូជ​ឯង​ត​ទៅ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។