លោកុប្បត្តិ 17:1-16

លោកុប្បត្តិ 17:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ នោះ​យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នកកើន​ចំនួន​ច្រើន​ជា​អនេក»។ ពេល​នោះ លោក​អាប់‌រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មើល៍ យើង​បាន​តាំង​សញ្ញា​ជា‌មួយ​អ្នក​ហើយ អ្នក​នឹង​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា "អាប់‌រ៉ាម" ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា "អ័ប្រា‌ហាំ" វិញ ដ្បិត​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ យើង​នឹងធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង ទាំង​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ គ្រប់​តំណ​របស់​គេ​តទៅ។ នេះ​ជា​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​តាំង​ជា‌មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ អ្នក​ត្រូវ​កាន់​តាម គឺ​ថា ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​តែ​កាត់​ស្បែក។ អ្នក​រាល់​គ្នា​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស ទុក​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​គ្រប់​តំណ​ត​ទៅ ទោះ​បើ​កើត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ឬក៏​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ពេល​កើត​មក​បាន​ប្រាំបី​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ។ ទាំង​អ្នក​ដែល​កើត​នៅក្នុង​ផ្ទះ​របស់​អ្នក ទាំង​អ្នក​ដែល​បាន​ទិញ​មក​នឹង​ប្រាក់​ក្តី ក៏​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ទាំង​អស់ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​នៅ​ជាប់​ក្នុង​សាច់​របស់​អ្នក​រាល់​គ្នា ជា​សេចក្ដី​សញ្ញា​ដែល​នៅ​អស់​កល្ប​ជា‌និច្ច។ មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​អ្នក​នោះ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អ្នក មិន​ត្រូវ​ហៅ​ថា "សារ៉ាយ"​ទៀត​ទេ គឺ​ត្រូវ​ហៅ​នាង​ថា "សារ៉ា" វិញ។ យើង​នឹង​ឲ្យ​ពរ​នាង ហើយ​មួយ​វិញ​ទៀត យើង​នឹង​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​ជាតិ​សាសន៍​ផ្សេងៗ ហើយ​ក៏​នឹង​មាន​ស្តេច​នៃ​ជាតិ​សាសន៍​ជា​ច្រើន​កើត​ចេញ​ពី​នាង​ដែរ»។

លោកុប្បត្តិ 17:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​លោក​អាប់រ៉ាម​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ ព្រះ‌អម្ចាស់​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ចុះ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ជា​អនេក»។ លោក​អាប់រ៉ាម​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចំណែក​យើង យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​ដូច​ត​ទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អប្រាហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​ត​ទៅ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​ត​ទៅ​នេះ គឺ​ត្រូវ​កាត់​ស្បែក*​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​កាត់​ស្បែក​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។ នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្ដី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ​ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្ដី ត្រូវ​តែ​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា។ គេ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សម្គាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។ រីឯ​បុរស​ណា​ដែល​គ្មាន​សញ្ញា​សម្គាល់​កាត់​ស្បែក​នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់‌កាល់​បុរស​នោះ​ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា​“សារ៉ាយ”​ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា​“សារ៉ា”​វិញ។ យើង​នឹង​ឲ្យ​ពរ​នាង ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​កូន​មួយ​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង នាង​នឹង​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​ក៏​នឹង​មាន​ស្ដេច​របស់​សាសន៍​នានា កើត​ចេញ​ពី​នាង​ដែរ»។

លោកុប្បត្តិ 17:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​អាប់រ៉ាម​អាយុ​បាន​៩៩​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ ប្រាប់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​ឯង​ដើរ​នៅ​មុខ​អញ ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ នោះ​អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ចំរើន​ឯង​ឲ្យ​មាន​គ្នា​ជា​សន្ធឹក​ឡើង អាប់រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា ឯ​អញ មើល អញ​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​ហើយ ឯង​នឹង​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា អាប់រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ័ប្រា‌ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​សុស‌សាយ​សន្ធឹក ឲ្យ​មាន​នគរ​ផ្សេងៗ​កើត​ចេញ​អំពី​ឯង​មក ព្រម​ទាំង​ស្តេច​ជា​ច្រើន​ដែរ អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​ដំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង នឹង​ពូជ​ឯង​ត​ទៅ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ រួច​ទ្រង់​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​ឯង ត្រូវ​ឲ្យ​ឯង​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ ទាំង​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ តាម​ដំណ​គេ នេះ​ជា​សេចក្ដី​សញ្ញា​របស់​អញ ដែល​ឯង នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង ត្រូវ​តែ​កាត់​ស្បែក ឯង​រាល់​គ្នា​ត្រូវ​កាត់​ស្បែក​ក្រោម​ចុង​ស្វាស ទុក​ជា​ទី​សំគាល់​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​នឹង​គ្នា គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ ទោះ​បើ​កើត​នៅ​ផ្ទះ ឬ​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ណា​ដទៃ ដែល​មិន​មែន​ជា​ពូជ​ឯង​ក្តី ដល់​កើត​មក​បាន​៨​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ ទោះ​បើ​កូន​ដែល​កើត​នៅ​ផ្ទះ​ឯង ឬ​កូន​ដែល​បាន​ទិញ​នឹង​ប្រាក់​មក​ក្តី នោះ​ក៏​ត្រូវ​តែ​កាត់​ស្បែក​ទាំង​អស់​ដែរ ទើប​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ក្នុង​សាច់​ឯង​រាល់​គ្នា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។ រួច​ព្រះ‌ទ្រង់​ក៏​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​សារ៉ាយ​ជា​ប្រពន្ធ​ឯង នោះ​ឯង​មិន​ត្រូវ​ហៅ​ថា​សារ៉ាយ​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​សារ៉ា​វិញ អញ​នឹង​ឲ្យ​ពរ​ដល់​នាង ហើយ​នឹង​ឲ្យ​ឯង​មាន​កូន​ពី​នាង​ដែរ អញ​នឹង​ឲ្យ​ពរ​ដល់​នាង​ជា​ពិត នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​នគរ​ផ្សេងៗ ហើយ​នឹង​មាន​ស្តេច​នៃ​សាសន៍​ជា​ច្រើន​ចេញ​ពី​នាង​មក