លោកុប្បត្តិ 16:7-16
លោកុប្បត្តិ 16:7-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។ ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។ ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។ ទេវតារបស់ព្រះយេហូវ៉ាក៏ពោលទៅនាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជរបស់នាងមានចំនួនច្រើនឥតគណនា គ្មានអ្នកណាអាចរាប់បានឡើយ»។ ទេវតារបស់ព្រះយេហូវ៉ាពោលមកនាងទៀតថា៖ «មើល៍! នាងមានទម្ងន់ហើយ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮពីទុក្ខលំបាក របស់នាងហើយ។ កូននេះនឹងបានដូចជាលាព្រៃ នៅកណ្ដាលមនុស្ស ដៃរបស់វាបានទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ ក៏ទាស់នឹងវាវិញដែរ ហើយវានឹងតាំងទីលំនៅ នៅមុខបងប្អូនទាំងអស់របស់វា»។ ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។ ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។ នាងហាការបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលហាការបង្កើតនោះថា "អ៊ីសម៉ាអែល"។ នៅពេលនាងហាការបង្កើតអ៊ីសម៉ាអែលឲ្យលោកអាប់រ៉ាម លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
លោកុប្បត្តិ 16:7-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ ទេវតានោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសម្រាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។ កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។ នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។ នៅពេលដែលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
លោកុប្បត្តិ 16:7-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ ទេវតានៃព្រះយេហូវ៉ាក៏មានបន្ទូលទៅនាងថា អញនឹងចំរើនពូជឯង ឲ្យមានសន្ធឹកឥតគណនា ទេវតានៃព្រះយេហូវ៉ាមានបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីទុក្ខលំបាករបស់ឯង វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេសនឹងបារែឌ។ ហាការក៏បង្កើតកូនប្រុស១ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមឲ្យកូនដែលហាការបង្កើតនោះឈ្មោះ អ៊ីសម៉ាអែល គ្រាដែលហាការបានបង្កើតអ៊ីសម៉ាអែល នោះអាប់រ៉ាមគាត់អាយុបាន៨៦ឆ្នាំហើយ។