លោកុប្បត្តិ 16:6-9

លោកុប្បត្តិ 16:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ លោក​អាប់‌រ៉ាម​ឆ្លើយ​ទៅ​លោក​ស្រី​សារ៉ាយ​ថា៖ «មើល៍! ស្រី​បម្រើ​នេះ​នៅ​ក្នុង​អំណាច​របស់​អូន​ស្រាប់​ហើយ ចូរ​ធ្វើ​ចំពោះ​នាង​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។ ពេល​នោះ លោក​ស្រី​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​យ៉ាង​គ្រោត​គ្រាត ហើយ​នាង​ក៏​រត់​ចេញ​ពី​គាត់​ទៅ។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន ជិត​ក្បាល​ទឹក​មួយ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។ ទេវតា​ពោល​ថា៖ «ហាការ ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ តើ​នាង​មក​ពី​ណា ហើយ​ទៅ​ណា​ហ្នឹង?» នាង​តប​ថា៖ «ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ចៅ‌ហ្វាយ​ស្រី​របស់​ខ្ញុំ​ម្ចាស់»។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​របស់​នាង​វិញ ហើយ​ចុះ​ចូល​នឹង​គាត់​ទៅ»។

លោកុប្បត្តិ 16:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អាប់រ៉ាម​តប​ទៅ​លោក​ស្រី​សារ៉ាយ​វិញ​ថា៖ «អូន​មាន​អំណាច​លើ​ស្រី​បម្រើ​របស់​អូន​ស្រាប់ ដូច្នេះ បើ​អូន​ចង់​ធ្វើ​អ្វី​នាង ចូរ​ធ្វើ​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។ លោក​ស្រី​សារ៉ាយ​ក៏​ធ្វើ​បាប​នាង​ហាការ រហូត​ដល់​នាង​រត់​ចេញ​ឆ្ងាយ​ពី​គាត់​បាត់​ទៅ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។ ទេវតា​នោះ​ពោល​ថា៖ «នាង​ហាការ​ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ជា​ម្ចាស់​របស់​នាង​ខ្ញុំ»។ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ចាស់​របស់​នាង​វិញ ហើយ​ស្ដាប់​បង្គាប់​គាត់​ទៅ»។

លោកុប្បត្តិ 16:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អាប់រ៉ាម​គាត់​ឆ្លើយ​នឹង​សារ៉ាយ​ថា មើល បាវ​ស្រី​ឯង​វា​នៅ​ក្នុង​អំណាច​របស់​ឯង​ស្រាប់​ហើយ ចូរ​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ឯង​គិត​ឃើញ​ថា​យ៉ាង​ណា​ស្រួល​ចុះ នោះ​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​ដោយ​តឹង‌រ៉ឹង​ណាស់ បាន​ជា​នាង​រត់​ចេញ​ពី​គាត់​ទៅ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន​ជិត​ក្បាល​ទឹក​១ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ស៊ើរ ទ្រង់​មាន​បន្ទូល​សួរ​ថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មក​ពី​ណា ហើយ​គិត​ទៅ​ឯ​ណា​ហ្នឹង នាង​ទូល​ឆ្លើយ​នឹង​ទេវតា​ថា ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​សារ៉ាយ​ជា​ចៅហ្វាយ​របស់​ខ្ញុំ​ម្ចាស់​មក នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​វិល​ទៅ​ឯ​ចៅហ្វាយ​ឯង​វិញ​ទៅ ហើយ​ចុះ​ចូល​នឹង​អំណាច​របស់​គាត់​វិញ