លោកុប្បត្តិ 16:1-16
លោកុប្បត្តិ 16:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង»។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។ ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។ លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។ លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និងខ្ញុំចុះ!»។ លោកអាប់រ៉ាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។ ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ ទេវតានោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសម្រាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។ កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។ នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។ នៅពេលដែលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
លោកុប្បត្តិ 16:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ ហើយលោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «មើល៍! ព្រះយេហូវ៉ាបានបង្ខាំងមិនឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមលោកអញ្ជើញចូលទៅឯស្រីបម្រើរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារនាង»។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យរបស់លោកស្រីសារ៉ាយ។ ដូច្នេះ ក្រោយពីលោកអាប់រ៉ាមរស់នៅស្រុកកាណានបានដប់ឆ្នាំ លោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម បានប្រគល់នាងហាការជាសាសន៍អេស៊ីព្ទ ដែលជាបាវបម្រើរបស់ខ្លួន ទៅឲ្យលោកអាប់រ៉ាមជាប្ដី ធ្វើជាប្រពន្ធ។ លោកបានចូលទៅឯនាងហាការ ហើយនាងក៏មានទម្ងន់។ កាលនាងដឹងថាខ្លួនមានទម្ងន់ដូច្នេះ នាងមានចិត្តមើលងាយចៅហ្វាយរបស់ខ្លួន។ លោកស្រីសារ៉ាយពោលទៅលោកអាប់រ៉ាមថា៖ «សូមឲ្យកំហុសរបស់ខ្ញុំធ្លាក់ទៅលើលោកចុះ! ខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅលោកឱប ឥឡូវនេះ កាលវាដឹងថាមានទម្ងន់ហើយ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងលោកនឹងខ្ញុំចុះ!»។ ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។ ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។ ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។ ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។ ទេវតារបស់ព្រះយេហូវ៉ាក៏ពោលទៅនាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជរបស់នាងមានចំនួនច្រើនឥតគណនា គ្មានអ្នកណាអាចរាប់បានឡើយ»។ ទេវតារបស់ព្រះយេហូវ៉ាពោលមកនាងទៀតថា៖ «មើល៍! នាងមានទម្ងន់ហើយ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮពីទុក្ខលំបាក របស់នាងហើយ។ កូននេះនឹងបានដូចជាលាព្រៃ នៅកណ្ដាលមនុស្ស ដៃរបស់វាបានទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ ក៏ទាស់នឹងវាវិញដែរ ហើយវានឹងតាំងទីលំនៅ នៅមុខបងប្អូនទាំងអស់របស់វា»។ ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។ ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។ នាងហាការបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលហាការបង្កើតនោះថា "អ៊ីសម៉ាអែល"។ នៅពេលនាងហាការបង្កើតអ៊ីសម៉ាអែលឲ្យលោកអាប់រ៉ាម លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
លោកុប្បត្តិ 16:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង»។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។ ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។ លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។ លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និងខ្ញុំចុះ!»។ លោកអាប់រ៉ាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។ ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ ទេវតានោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។ ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសម្រាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។ កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។ នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។ នៅពេលដែលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
លោកុប្បត្តិ 16:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទ បាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្ដីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះ ដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។ ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ ទេវតានៃព្រះយេហូវ៉ាក៏មានបន្ទូលទៅនាងថា អញនឹងចំរើនពូជឯង ឲ្យមានសន្ធឹកឥតគណនា ទេវតានៃព្រះយេហូវ៉ាមានបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីទុក្ខលំបាករបស់ឯង វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេសនឹងបារែឌ។ ហាការក៏បង្កើតកូនប្រុស១ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមឲ្យកូនដែលហាការបង្កើតនោះឈ្មោះ អ៊ីសម៉ាអែល គ្រាដែលហាការបានបង្កើតអ៊ីសម៉ាអែល នោះអាប់រ៉ាមគាត់អាយុបាន៨៦ឆ្នាំហើយ។