លោកុប្បត្តិ 14:17-24
លោកុប្បត្តិ 14:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។ ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។ ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។ ស្តេចក្រុងសូដុមក៏មានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមប្រគល់មនុស្សមកយើង ឯទ្រព្យសម្បត្តិ សូមទុកសម្រាប់លោកចុះ»។ ប៉ុន្ដែ លោកអាប់រ៉ាមទូលទៅស្តេចសូដុមថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីហើយថា ទូលបង្គំនឹងមិនយកអ្វីសោះឡើយ សូម្បីតែចេសមួយសរសៃ ខ្សែស្បែកជើងមួយ ឬអ្វីៗដែលជារបស់ព្រះករុណាឡើយ ក្រែងព្រះករុណាមានរាជឱង្ការថា "យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន"។ ទូលបង្គំនឹងមិនយកអ្វីក្រៅតែពីម្ហូបអាហារដែលពួកយុវជនបានទទួលទានទៅហើយ និងចំណែករបស់អ្នកដែលបានចេញទៅជាមួយទូលបង្គំប៉ុណ្ណោះ គឺសូមឲ្យអាន់នើរ អែសកុល និងម៉ាមរេ យកចំណែករបស់ខ្លួនចុះ»។
លោកុប្បត្តិ 14:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពេលដែលលោកអាប់រ៉ាមត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងស្ដេចទាំងប៉ុន្មានដែលនៅជាមួយ ស្ដេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។ ព្រះបាទម៉ិលគីស្សាដែកជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ ស្ដេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់លោកអាប់រ៉ាម សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។ ស្ដេចក្រុងសូដុមមានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមលោកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។ លោកអាប់រ៉ាមទូលស្ដេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន”។ ទូលបង្គំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយទូលបង្គំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នក ដែលមកជាមួយទូលបង្គំប៉ុណ្ណោះ គឺរបស់លោកអាន់នើរ លោកអេសកុល និងលោកម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។
លោកុប្បត្តិ 14:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគាត់បានត្រឡប់មកពីវាយកេដូឡោមើរ នឹងពួកស្តេចដែលនៅជាមួយនឹងទ្រង់វិញហើយ នោះស្តេចក្រុងសូដុំមក៏ចេញមកទទួលគាត់ នៅត្រង់វាលច្រកភ្នំសាវេ គឺជាច្រកភ្នំនៃស្តេច ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។ ឯស្តេចក្រុងសូដុំមក៏មានបន្ទូលនឹងអាប់រ៉ាមថា ចូរឲ្យតែមនុស្សមកខ្ញុំបានហើយ ឯរបស់ទ្រព្យទាំងប៉ុន្មាន ចូរយកទុកជារបស់ផងអ្នកចុះ តែអាប់រ៉ាមគាត់ទូលទៅស្តេចសូដុំមថា ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដីថា ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន សូមយកតែរបស់ណាដែលពួកបាវបំរើបានទទួលទានទៅហើយប៉ុណ្ណោះ ឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះ គឺអាន់នើរ អែសកុល នឹងម៉ាមរេ នោះឲ្យគេយកចំណែករបស់គេចុះ។