លោកុប្បត្តិ 14:17-20

លោកុប្បត្តិ 14:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។ ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។ ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖ «សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។ រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។

លោកុប្បត្តិ 14:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពេល​ដែល​លោក​អាប់រ៉ាម​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ហ្លួង។ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ ស្ដេច​ជា​បូជា‌ចារ្យ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់រ៉ាម​ថា៖ «សូម​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​លោក​អាប់រ៉ាម សូម​លើក​តម្កើង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង‌ឡាយ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក!»។ លោក​អាប់រ៉ាម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​រឹប​អូស​បាន មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​មួយ​ភាគ​ដប់។

លោកុប្បត្តិ 14:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គាត់​បាន​ត្រឡប់​មក​ពី​វាយ​កេដូ‌ឡោមើរ នឹង​ពួក​ស្តេច​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​វិញ​ហើយ នោះ​ស្តេច​ក្រុង​សូដុំម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ត្រង់​វាល​ច្រក​ភ្នំ​សាវេ គឺ​ជា​ច្រក​ភ្នំ​នៃ​ស្តេច ហើយ​ម៉ិល‌គីស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​មក ពី​ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់។