លោកុប្បត្តិ 14:14-16
លោកុប្បត្តិ 14:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។ លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ លោកនាំយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកវិញ ព្រមទាំងនាំឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងពួកស្ត្រី និងមនុស្សទាំងអស់មកជាមួយដែរ។
លោកុប្បត្តិ 14:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះរហូតទៅដល់ក្រុងដាន់។ លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបងប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
លោកុប្បត្តិ 14:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់ គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រីនឹងមនុស្សទាំងអស់ផង។