លោកុប្បត្តិ 14:10-22
លោកុប្បត្តិ 14:10-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯនៅជ្រលងភ្នំស៊ីឌីម មានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាក៏រត់គេច ខ្លះធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ ហើយអ្នកឯទៀតៗនាំគ្នារត់ទៅឯភ្នំ។ ស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ គេក៏ចាប់ឡុត ជាក្មួយរបស់លោកអាប់រ៉ាម ដែលនៅក្រុងសូដុម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ នាំយកទៅជាមួយ។ ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។ កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។ លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ លោកនាំយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកវិញ ព្រមទាំងនាំឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងពួកស្ត្រី និងមនុស្សទាំងអស់មកជាមួយដែរ។ កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។ ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។ ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។ ស្តេចក្រុងសូដុមក៏មានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមប្រគល់មនុស្សមកយើង ឯទ្រព្យសម្បត្តិ សូមទុកសម្រាប់លោកចុះ»។ ប៉ុន្ដែ លោកអាប់រ៉ាមទូលទៅស្តេចសូដុមថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីហើយថា
លោកុប្បត្តិ 14:10-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ រីឯស្ដេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ គេក៏នាំលោកឡុតជាក្មួយលោកអាប់រ៉ាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។ មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអាប់រ៉ាម ជាជនជាតិហេប្រឺ។ លោកអាប់រ៉ាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។ កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះរហូតទៅដល់ក្រុងដាន់។ លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបងប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។ ក្រោយពេលដែលលោកអាប់រ៉ាមត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងស្ដេចទាំងប៉ុន្មានដែលនៅជាមួយ ស្ដេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។ ព្រះបាទម៉ិលគីស្សាដែកជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ ស្ដេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់លោកអាប់រ៉ាម សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។ ស្ដេចក្រុងសូដុមមានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមលោកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។ លោកអាប់រ៉ាមទូលស្ដេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា
លោកុប្បត្តិ 14:10-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម នឹងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម នឹងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។ មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់ គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រីនឹងមនុស្សទាំងអស់ផង។ កាលគាត់បានត្រឡប់មកពីវាយកេដូឡោមើរ នឹងពួកស្តេចដែលនៅជាមួយនឹងទ្រង់វិញហើយ នោះស្តេចក្រុងសូដុំមក៏ចេញមកទទួលគាត់ នៅត្រង់វាលច្រកភ្នំសាវេ គឺជាច្រកភ្នំនៃស្តេច ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។ ឯស្តេចក្រុងសូដុំមក៏មានបន្ទូលនឹងអាប់រ៉ាមថា ចូរឲ្យតែមនុស្សមកខ្ញុំបានហើយ ឯរបស់ទ្រព្យទាំងប៉ុន្មាន ចូរយកទុកជារបស់ផងអ្នកចុះ តែអាប់រ៉ាមគាត់ទូលទៅស្តេចសូដុំមថា ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដីថា