លោកុប្បត្តិ 14:1-24

លោកុប្បត្តិ 14:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​របស់​ព្រះ‌បាទ​អាំរ៉ា​ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ ព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡា‌សារ ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ និង​ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម ស្តេច​ទាំង​នោះ​បាន​លើក​គ្នា​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​បេរ៉ា​ជា​ស្តេច​ក្រុង​សូដុម ព្រះ​បាទ​ប៊ីរសា​ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ព្រះ​បាទ​ស៊ីណាប​ជា​ស្តេច​ក្រុង​អាត់ម៉ា ព្រះ​បាទ​សេមេ‌ប៊ើ​ជា​ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា (គឺក្រុង​សូអារ)។ ស្តេច​ទាំង​នេះ​បាន​ប្រមូល​ផ្ដុំ​កម្លាំង​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម (គឺ​សមុទ្រ​អំបិល )។ ស្ដេច​ទាំង​នេះ​បាន​ចុះ​ចូល​ព្រះ​បាទ​កេដូ‌ឡោមើរ​អស់​រយៈ​ពេល​ដប់ពីរ​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​ដប់បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។ លុះ​នៅ​ឆ្នាំ​ទី​ដប់បួន ព្រះ​បាទ​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ក៏​បាន​លើក​គ្នា​មក​វាយ​ពួក​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត-កើណែម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមីម នៅ​ក្រុង​គារ‌យ៉ា‌ថែម និង​ពួក​ហូរី​នៅ​តំបន់​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ជាប់​ទី​រហោ‌ស្ថាន។ បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។ ស្តេច​ក្រុង​សូដុម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ ក៏​នាំ​គ្នា​លើក​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​តទល់ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​ត​ទល់​នឹង​ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម ព្រះ​បាទ​អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ និងព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​អេឡា‌សារ គឺ​ស្តេច​បួន​អង្គ​តទល់​នឹង​ស្តេច​ប្រាំ​អង្គ។ ឯ​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​ក៏​រត់​គេច ខ្លះ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​ទាំង​នោះ ហើយ​អ្នក​ឯទៀត​ៗ​នាំ​គ្នា​រត់​ទៅ​ឯ​ភ្នំ។ ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ គេ​ក៏​ចាប់​ឡុត ជា​ក្មួយ​របស់​លោក​អាប់‌រ៉ាម ដែល​នៅ​ក្រុង​សូដុម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​យក​ទៅ​ជា‌មួយ។ ពេល​នោះ មាន​មនុស្ស​ម្នាក់​ដែល​រត់​រួច បាន​មក​ជម្រាប​លោក​អាប់‌រ៉ាម ជា​សាសន៍​ហេព្រើរ ដែល​រស់​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ សាសន៍​អាម៉ូរី ដែល​ជា​បង​ប្អូន​របស់​អែសកុល និង​អាន់នើរ។ អ្នក​ទាំង​នេះ​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​អាប់‌រ៉ាម។ កាល​លោក​អាប់‌រ៉ាម​បាន​ឮ​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​ទៅ​ជា​ឈ្លើយ លោក​ក៏​នាំ​មនុស្ស​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម ចំនួន​បីរយ​ដប់​ប្រាំ​បី​នាក់ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ដាន់។ លោក​បាន​បែង​ចែក​កម្លាំង​ទ័ព​របស់​លោក ទាំង​លោក ទាំង​ពួក​បាវ​បម្រើ​របស់​លោក ច្បាំង​នឹង​ស្ដេចទាំងនោះ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ លោក​នាំយក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​មក​វិញ ព្រម​ទាំង​នាំ​ឡុត​ជា​ក្មួយ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់ ទាំង​ពួក​ស្ត្រី និង​មនុស្ស​ទាំង​អស់​មក​ជា‌មួយ​ដែរ។ កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។ ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។ ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖ «សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។ រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។ ស្តេច​ក្រុង​សូដុម​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់‌រ៉ាម​ថា៖ «សូម​ប្រគល់​មនុស្ស​មក​យើង ឯ​ទ្រព្យ​សម្បត្តិ សូម​ទុក​សម្រាប់​លោក​ចុះ»។ ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ​ឡើយ សូម្បី​តែ​ចេស​មួយ​សរសៃ ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែលជា​របស់​ព្រះ‌ករុណា​ឡើយ ក្រែង​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​ធ្វើ​ឲ្យ​អាប់‌រ៉ាម​ក្លាយ​ជា​អ្នក​មាន"។ ទូល‌បង្គំ​នឹង​មិន​យក​អ្វី​ក្រៅ​តែ​ពីម្ហូប​អាហារ​ដែល​ពួក​យុវជន​បាន​ទទួល​ទាន​ទៅ​ហើយ និង​ចំណែក​របស់​អ្នក​ដែល​បាន​ចេញ​ទៅ​ជា‌មួយ​ទូល‌បង្គំ​ប៉ុណ្ណោះ គឺសូម​ឲ្យ​អាន់នើរ អែសកុល និង​ម៉ាមរេ យក​ចំណែក​របស់​ខ្លួន​ចុះ»។

លោកុប្បត្តិ 14:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម បាន​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម ព្រះ‌បាទ​ប៊ីសារ​ជា​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ព្រះ‌បាទ​ស៊ីណាប​ជា​ស្ដេច​ក្រុង​អាដ‌ម៉ា ព្រះ‌បាទ​សេមេ‌ប៊ើរ​ជា​ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ។ ស្ដេច​ទាំង​នេះ​បាន​មក​បោះ​ទ័ព​ជា​មួយ​គ្នា នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​នៅ​សមុទ្រ​ប្រៃ។ ស្ដេច​ទាំង​នេះ​នៅ​ជា​រណប​របស់​ព្រះ‌បាទ​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែល‌បារ៉ាន ដែល​នៅ​ជិត​វាល​រហោ‌ស្ថាន។ បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។ ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​តទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។ រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។ មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។ កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​រហូត​ទៅ​ដល់​ក្រុង​ដាន់។ លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បងប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។ ក្រោយ​ពេល​ដែល​លោក​អាប់រ៉ាម​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ហ្លួង។ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ ស្ដេច​ជា​បូជា‌ចារ្យ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់រ៉ាម​ថា៖ «សូម​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​លោក​អាប់រ៉ាម សូម​លើក​តម្កើង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង‌ឡាយ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក!»។ លោក​អាប់រ៉ាម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​រឹប​អូស​បាន មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​មួយ​ភាគ​ដប់។ ស្ដេច​ក្រុង​សូដុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «សូម​លោក​ប្រគល់​ប្រជា‌ជន​មក​យើង ហើយ​ទុក​ទ្រព្យ​សម្បត្តិ​សម្រាប់​លោក​ទៅ»។ លោក​អាប់រ៉ាម​ទូល​ស្ដេច​សូដុម​វិញ​ថា៖ «ទូលបង្គំ​សូម​យក​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ធ្វើ​ជា​សាក្សី​ថា ទូលបង្គំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះ‌ករុណា​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ទូលបង្គំ​មិន​យក​ដែរ កុំ​ឲ្យ​ព្រះ‌ករុណា​មាន​រាជ​ឱង្ការ​ថា “យើង​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន”។ ទូលបង្គំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សម្រាប់​ពួក​យុវជន ដែល​មក​ច្បាំង​ជា​មួយ​ទូលបង្គំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះ គឺ​របស់​លោក​អាន់‌នើរ លោក​អេស‌កុល និង​លោក​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។

លោកុប្បត្តិ 14:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ជំនាន់​អាំរ៉ា‌ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡាសារ កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ នឹង​ធីដាល​ជា​ស្តេច​កូយីម នោះ​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​បេរ៉ា​ជា​ស្តេច​ក្រុង​សូដុំម ប៊ីរសា​ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ស៊ីណាប​ជា​ស្តេច​ក្រុង​អាត់ម៉ា សេមេប៊ើ​ជា​ស្តេច​ក្រុង​សេបោម ហើយ​នឹង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​នៅ​វាល​ច្រក​ស៊ីឌីម គឺ​ជា​សមុទ្រ​អំបិល គេ​បាន​ចុះ​ចូល​កេដូ‌ឡោមើរ​អស់​១២​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​១៣​ក៏​នាំ​គ្នា​បះ‌បោរ​វិញ លុះ​ដល់​ឆ្នាំ​ទី​១៤​កេដូ‌ឡោមើរ ហើយ​អស់​ទាំង​ស្តេច​ដែល​នៅ​ជា​មួយ​ក៏​មក​វាយ​ពួក​រេផែម នៅ​ត្រង់​អាស‌ថារ៉ូត-កើណែម នឹង​ពួក​ស៊ូស៊ីម​នៅ​ត្រង់​ស្រុក​ហាំ ពួក​អេមីម នៅ​ត្រង់​វាល​គារ‌យ៉ា‌ថែម ហើយ​ពួក​ហូរី​នៅ​ក្នុង​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ខាង​ទី​រហោ‌ស្ថាន រួច​គេ​វិល​មក​ឯ​អេន-មីសផាត គឺ​ជា​កាដេស ក៏​វាយ​ស្រុក​អាម៉ា‌លេក​ទាំង​អស់ នឹង​ពួក​អាម៉ូរី​ដែល​នៅ​ហាសា‌សូន-តាម៉ារ​ដែរ។ ស្តេច​ក្រុង​សូដុំម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម នឹង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ ក៏​នាំ​គ្នា​ចេញ​ទៅ​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ទាំង​នោះ នៅ​ត្រង់​វាល​ច្រក​ស៊ីឌីម គឺ​ច្បាំង​នឹង​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ធីដាល​ជា​ស្តេច​កូយីម អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ នឹង​អើយ៉ុក​ជា​ស្តេច​អេឡាសារ មាន​ស្តេច​៤​អង្គ​ច្បាំង​នឹង​ស្តេច​៥​អង្គ ឯ​វាល​ច្រក​ស៊ីឌីម នោះ​មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុំម នឹង​ស្តេច​ក្រុង​កូម៉ូរ៉ា​គេ​រត់​ទៅ​ក៏​ដួល​នៅ​ទី​នោះ ឯ​អស់​អ្នក​ដែល​នៅ​សល់ គេ​រត់​ទៅ​ឯ​ភ្នំ រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។ មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់ គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី​នឹង​មនុស្ស​ទាំង​អស់​ផង។ កាល​គាត់​បាន​ត្រឡប់​មក​ពី​វាយ​កេដូ‌ឡោមើរ នឹង​ពួក​ស្តេច​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​វិញ​ហើយ នោះ​ស្តេច​ក្រុង​សូដុំម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ត្រង់​វាល​ច្រក​ភ្នំ​សាវេ គឺ​ជា​ច្រក​ភ្នំ​នៃ​ស្តេច ហើយ​ម៉ិល‌គីស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​មក ពី​ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់។ ឯ​ស្តេច​ក្រុង​សូដុំម​ក៏​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឲ្យ​តែ​មនុស្ស​មក​ខ្ញុំ​បាន​ហើយ ឯ​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន ចូរ​យក​ទុក​ជា​របស់​ផង​អ្នក​ចុះ តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​ថា ទូលបង្គំ​នឹង​មិន​យក​អ្វី​សោះ សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗ​របស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន សូម​យក​តែ​របស់​ណា​ដែល​ពួក​បាវ​បំរើ​បាន​ទទួល​ទាន​ទៅ​ហើយ​ប៉ុណ្ណោះ ឯ​ចំណែក​ពួក​មនុស្ស​ដែល​បាន​ចេញ​ទៅ​ជា​មួយ​នឹង​ទូលបង្គំ​នេះ គឺ​អាន់នើរ អែស‌កុល នឹង​ម៉ាមរេ នោះ​ឲ្យ​គេ​យក​ចំណែក​របស់​គេ​ចុះ។