លោកុប្បត្តិ 13:8-11
លោកុប្បត្តិ 13:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។ តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើសយកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្តាំ ឬបើក្មួយរើសយកខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ដូច្នេះ ឡុតក៏ជ្រើសរើសយកវាលទន្លេយ័រដាន់ទាំងមូលសម្រាប់ខ្លួនគាត់ រួចឡុតចេញដំណើរទៅទិសខាងកើត។ ពួកលោកទាំងពីរបានបែកពីគ្នាតាមរបៀបនេះឯង។
លោកុប្បត្តិ 13:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្ដាំ ហើយបើក្មួយទៅខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។
លោកុប្បត្តិ 13:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង