លោកុប្បត្តិ 13:5-9

លោកុប្បត្តិ 13:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ឡុត​ដែល​ទៅ​ជា‌មួយលោក​អាប់‌រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ជំរំ​ជា​ច្រើន​ដែរ តែ​ស្រុក​នោះ​មិន​ល្មម​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា‌មួយ​គ្នា​បាន​ទេ ព្រោះ​ពួក​លោក​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​ពួក​លោក​មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន មួយ​ទៀត ពួក​គង្វាល​របស់​លោក​អាប់‌រ៉ាម និង​ពួក​គង្វាល​របស់​ឡុត ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ពេល​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីតក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ លោក​អាប់‌រ៉ាម​មាន​ប្រសាសន៍​ទៅកាន់​ឡុត​ថា៖ «សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ក្មួយ និង​អ៊ំ ហើយ​រវាង​ពួក​គង្វាល​របស់​ក្មួយ​នឹង​ពួក​គង្វាល​របស់​អ៊ំ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។ តើ​ស្រុក​នេះ​ទាំង​មូល​មិន​នៅ​ចំពោះ​មុខក្មួយ​ទេ​ឬ? ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​រើស​យក​ខាង​ឆ្វេង នោះ​អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ក្មួយ​រើស​យក​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។

លោកុប្បត្តិ 13:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។ ស្រុក​នោះ​ពុំ​មាន​លទ្ធ‌ភាព​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។ ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​អាប់រ៉ាម និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​ឡុត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹង​គ្នា។ មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្ដាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្ដាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។

លោកុប្បត្តិ 13:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​ត្រសាល​ជា​ច្រើន​ដែរ តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពី​ព្រោះ​គេ​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន មួយ​ទៀត ពួក​គង្វាល​របស់​អាប់រ៉ាម នឹង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែ​ប្រឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង​នឹង​ពួក​គង្វាល​របស់​អញ​មាន​រឿង​ទាស់‌ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ឬ​អី ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែក​ចេញ​ពី​អញ​ទៅ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្តាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ